ព័ត៌មានជាតិ

កូរ៉េ ផ្ដល់ការសន្យាកញ្ចប់ ឥណទានសម្បទាន បន្ថែម១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ ២០២២-២០២៦ (Video)

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះ កូរ៉េសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី មានទឹកប្រាក់ប្រមាណ ១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២២-២០២៦។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក KOO Yun Cheol, រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលកូរ៉េ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៦»។

លោកសង្ឃឹមថា ភាគីទាំងពីរ នឹងពិភាក្សាសម្រេចទៅលើវិស័យ និងគម្រោងអាទិភាព ក្នុងការប្រើប្រាស់កញ្ចប់ (Framework Arrangement-F/A) ថ្មីនេះ តាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ (4th Korea-Cambodia Integrated ODA Policy Dialogue) ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខ។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះកូរ៉េ ដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់តម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉ (Cambodia-Korea Friendship Bridge) ដែលនឹងក្លាយជានិមិត្តរូប នៃចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា-កូរ៉េ។

នាឱកាសនោះ លោក KOO Yun Cheol បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក។

លើសពីនេះទៀត ភាគីទាំងពីរបានប្ដេជ្ញាថា នឹងបន្ដជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េឲ្យមកបណ្ដាក់ទុនច្រើនបន្ថែមទៀត។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន កូរ៉េបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជា ៤៣១លានដុល្លារ។ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េ បានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់សរុបប្រមាណ ជាង ១ ២១១ លានដុល្លារសម្រាប់ហិរញ្ញប្បទានដល់គម្រោង/ កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោងដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា៕

To Top