ព័ត៌មានជាតិ

ប្រធានអាជ្ញាធរគ្រឿងញៀន ហួសចិត្ត យកគោយន្តដឹកគ្រឿងញៀន​ បន្តកន្ទុយគ្នាបម្រុង ចូលកម្ពុជា តែបង្ក្រាបទាន់ពេលវេលា (Video)

ភ្នំពេញ ៖ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្ត យ៉ាងខ្លាំង ចំពោះករណីយកគោយន្ត ដឹកគ្រឿងញៀន បន្តកន្ទុយគ្នាបម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបាន អាជ្ញាធរប្រទេសឡាវ ធ្វើការបង្រ្កាបបានទាន់ពេលវេលា ខណៈគោយន្តទាំងនោះ ធ្លាប់តែដឹកជី នៅខេត្តជាប់នឹងព្រំដែន ខេត្តស្ទឹងត្រែងរបស់ខ្មែរ ។

ក្នុងឱកាសអញ្ជើញបើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក កែ គឹមយ៉ាន បានឲ្យដឹងថា គ្រឿងញៀន ដែលដឹកដោយ គោយន្តនោះ មានចំនួន ៣គ្រឿង ផ្ទុកគ្រឿងញៀន ប្រហែលជាង៦០០គីឡូក្រាម ហើយបម្រុង ដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរ គេចាប់បានដោយ ចៃដន្យ ខណៈទៅបង្រ្កាបឡានគេចពន្ធ ។

លោកថ្លែងថា «ប៉ុន្មានថ្ងៃមុន ខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការ៉ុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ ។ លេងតែអីចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអរគុណ ដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា»។

បន្ទាប់ពីមើលឃើញករណីនាំចូលគ្រឿងញៀននៅតែបន្តគួរឲ្យព្រួយបារម្ភនោះ លោក កែ គឹមយ៉ាន ក៏បានបន្តអំពាវនាវ ដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ជាពិសេស ខេត្តជាប់នឹងព្រំដែន ប្រទេសជិតខាងគប្បី បង្កើនការបង្រ្កាបបទល្មើសមួយនេះ បន្ថែមទៀត ដោយមិនត្រូវធ្វេស ប្រហែសទៀតនោះឡើយ ខណៈគ្រឿងនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ៕

To Top