ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទសន្និបាត លទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោងតាមរបាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ឆ្នាំ២០២១ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មានដូចតទៅ៖

ទី១-បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦.៣០៨ ករណី ស្មើនឹង ៦០,៣០% គិតលើឆ្នាំ២០២០(១០.៤៦១ករណី) មានចំនួនតិចជាង ៤១៥៣ ករណី ថយចុះ ៣៩,៧០%។

ទី២-ជនសង្ស័យសរុប ឃាត់ខ្លួន ១៣.៩៧៩ នាក់/ស្រី ៨៣១ នាក់ ស្មើនឹង ៦៤,៨២% គិតលើឆ្នាំ ២០២០(២១.៥៦៦ នាក់) មានចំនួនតិចជាង ៧.៥៨៧ នាក់ ថយចុះ ៣៥,១៨% ក្នុងនោះ មានជនសង្ស័យជាជន ជាតិខ្មែរ ១៣.៦១៤នាក់ (ស្រី៧៨៩នាក់) និងជនបរទេស ៣៦៥នាក់ (ស្រី៤២នាក់) ស្មើនឹង១៥ជនជាតិ៕

To Top