ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ៖ UN ប្រចាំកម្ពុជា ពិតជាចូលរួមចំណែកយ៉ាងធំធេង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមនិងដៃគូអភិវឌ្ឍន៍នានា ពិតជាបានចូលរួមចំណែកយ៉ាងធំធេង និងសកម្មបំផុតលើការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកលោក អ៊ិត សំហេង។

ការលើកឡើងបែបនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ទទួលជួបសម្តែងការគួរសម និងជំរាបលា របស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិការងារ របស់លោកស្រីនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ។

ក្នុងជំនួបនេះ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះ ស្ថាប័នទាំងអស់ របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ជាដៃគូសហការដ៏សំខាន់មួយ នៃស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកថា ភាពជាដៃគូទាំងនេះ គឺកម្ពុជាទទួលបាននូវក្របខណ្ឌគោលនយោបាយ បច្ចេកទេស ការកសាងសមត្ថភាព រួមទាំងហិរញ្ញវត្ថុ ដែលបានផ្តល់ប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជាទូទៅ ហើយកម្ពុជាអាចដោះស្រាយបាននូវបញ្ហាសំខាន់ៗជាច្រើនទៀត នៅក្នុងបរិបទនៃ ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។

ដោយឡែក ចំពោះលោកស្រី Pauline Tamesis បានអះអាងថា ទោះបីជាបេសកម្ម របស់លោកស្រី ត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែUNមានកិច្ចការងារជាច្រើនទៀត ដែលត្រូវធ្វើនៅកម្ពុជា ដោយក្នុងនោះ UN កំពុងរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំទៅមុខទៀត ដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា។ ខាងUN សុំការគាំទ្រពីលោករដ្ឋមន្ត្រី និងក្រសួងស្ថាប័ន របស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

លោករដ្ឋមន្ត្រី រីករាយចំពោះការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់UN ក្នុងការធ្វើការជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជា។ កន្លងមករដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការយុទ្ធសាស្ត្រ ក្រោយវិបត្តិកូវីដ-១៩ ដោយបន្តអនុវត្តអ្វីដែលមានស្រាប់ ក្នុងបរិបទថ្មីដោយរៀនរស់នៅ ជាមួយកូវីដ ក្នុងនោះវិស័យការងារ ក៏បានបញ្ចូលទៅក្នុងអតិភាព នៃផែនការយុទ្ធសាស្ត្រនេះដែរ ដូចជា ការដោះស្រាយការងារ សន្តិសុខសង្គម ការបណ្តុះបណ្តាលធនធានមនុស្ស។

លោកបញ្ជាក់ថា ទោះបីជាមានវឌ្ឍភាព លើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ជាបន្តបន្ទាប់ ទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ច្បាប់ និងមានការចូលរួម ពីភាគីពាក់ព័ន្ធដ៏ទៃទៀត៕

To Top