ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧។
សូមបញ្ជាក់ថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុកដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣,៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គីឡូក្រាម និងសារធាតុគីមីសរុបទម្ងន់ ៨៤,៩២០ គីឡូក្រាម រួមទាំង មធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះ បទល្មើសគ្រឿងញៀនធំៗ សរុបចំនួន ៧៣ករណី (មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់)។
ទន្ទឹមនោះ វិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវបានចាត់តាំងអនុវត្តតាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដោយមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន និងទទួលបានលទ្ធជាវិជ្ជមាន ដែលកត្តាទាំងអស់នេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រើប្រាស់ និងជួញដូរសារធាតុញៀននៅក្នុងស្រុកផងដែរ។
ក្នុងគោលបំណងការពារកិត្តិយសប្រទេសជាតិ បញ្ចៀសឲ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាន់តែមានភាពល្អ ប្រសើរឡើងថែមទៀត ជាពិសេសការរួមចំណែកថែរក្សាសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្តៅនៅក្នុងសង្គមក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផងនោះ រាជរដ្ឋាភិបាល សម្រេចបន្តដាក់ចេញនូវ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេល ០១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២៕