នយោបាយ

Update ៖ សម្ដេចតេជោ ប្រាប់រដ្ឋមន្រ្តីសេដ្ឋកិច្ច រៀបចំស្ដុកយុទ្ធសាស្រ្តប្រេងបន្ថែម ស្របពេលពិភពលោក កំពុងជួបប្រទះបញ្ហានេះ 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ បានប្រាប់ទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរៀបចំស្តុកយុទ្ធសាស្រ្តបន្ថែមទៀត ទៅលើបញ្ហាប្រេង ស្របពេលពិភពលោក កំពុងជួបប្រទះវិបត្តិប្រេងឡើងថ្លៃ ដែលបណ្ដាលមកពីសង្គ្រាម រវាងរុស្ស៊ី-អ៊ុយក្រែន។

គិតមកដល់ពេលនេះជាង១ខែហើយ ដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងអូសបន្លាយ ដែលជាកត្តានាំឲ្យហ្គាស ប្រេងសាំង បន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ ក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មគ្នា ទៅវិញទៅមក ពីសំណាក់ប្រទេសមហាអំណាច លោកខាងលិច សហគមន៍អឺរ៉ុប ជាមួយនឹងរុស្ស៊ី ដែលជាប្រទេសផលិតប្រេង ឧស្ម័នធំទី២ នៅលើពិភពលោក។ 

ថ្លែងក្នុងពិធីអញ្ជើញសម្ដោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោមានប្រសាសន៍ថា បញ្ហាខ្លះដោះស្រាយបាន និងបញ្ហាខ្លះទៀតដោះស្រាយមិនបាន ឥឡូវពាក់ព័ន្ធបញ្ហាប្រេង បើឡើងគ្រប់ប្រទេសទៅហើយ ធ្វើឲ្យមានផលប៉ះពាល់មកដល់កម្ពុជា ដែលបណ្ដាលមកពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ 

ពាក់ព័ន្ធទៅនឹងដំណោះស្រាយ នាពេលខាងមុខ សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់ថា «ខ្ញុំកំពុងតែគិតថា ឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំស្តុកយុទ្ធសាស្រ្តបន្ថែមទៀត ទៅលើបញ្ហាប្រេង»។

សម្ដេចតេជោបន្ថែមថា ពីមុនកម្ពុជា ពឹងផ្អែកលើក្រុមហ៊ុនឯកជន ដើម្បីស្តុកយុទ្ធសាស្រ្ត ឥឡូវនេះនៅតែស្តុកយុទ្ធសាស្រ្ត ដោយពឹងពាក់លើក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែកម្ពុជាត្រូវបង្កើនការស្តុកទុក នូវប្រេងឥន្ធនៈនេះ។

ដោយសម្ដេចបានលើកជាទាហរណ៍ថា ស្រាប់តែវារីអគ្គិសនី ឬក៏ម៉ាស៊ីនភ្លើងរបស់កម្ពុជា ដើរដោយធ្យូងថ្ម រត់មិនគ្រប់ដូចដែលបានជួបនៅឆ្នាំ២០១៨ ដូច្នេះជំរុញការបញ្ចេះម៉ាស៊ីនដែលដើរដោយប្រេងឥន្ធនៈ ដូចដែលទិញមកដាក់ក្បែររាជធានីភ្នំពេញចំនួន៤០០មេកាវ៉ាត់ អីចឹងមានតម្រូវការប្រេងដើម្បីបញ្ចេះម៉ាស៊ីនឲ្យដើរ។

ត្រង់ចំណុចនៃការដោះស្រាយបញ្ហាប្រឈមនេះ សម្ដេចថា ពីដំណាក់កាលមួយទៅដំណាក់កាលមួយតម្រូវការខុសគ្នា ៕

To Top