ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ខណៈលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងក្នុងត្រកូល គឺជាបេក្ខជនបន្តវេន។
ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានរំលឹករឿងមួយ សម្ដេច នរោត្ដម សិរីវុឌ្ឍ កាលពីបោះឆ្នោតឆ្នាំ២០១៣ បានប្រកាសចង់ដូរទេវតា តែសម្ដេចឆ្លើយតបទៅវិញថា គ្មានអ្នកណាដូរទេវតា នោះទេ។
ដោយសម្ដេចអះអាងថា មានភូមិទេវតា រុក្ខទេវតា អាកាសទេវតា គេមិនដែលដូរទេវតាទេ ហើយប្រសិនបើទេវតាប្រចាំឆ្នាំ គេក៏មិនដែលដូរដែរ គេដូរក្នុងវេនទេវតាដូចគ្នា។
ពាក់ព័ន្ធទៅនឹងរូបសញ្ញាគណបក្ស ប្រជាជនកម្ពុជា និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «ឥឡូវនេះគណបក្ស ប្រជាជនកម្ពុជា គឺមានសញ្ញាជាទេវតា ចឹងទេបន្តបោះឆ្នោត ហើយខ្ញុំនៅតែបន្ត ។ សុំបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣គឺ ហ៊ុន សែនដដែល។ ហ៊ុន ម៉ាណែត គឺជាបេក្ខជនបន្តវេន ដែលត្រូវត្រៀមបំរុងទុក ជារឿងធម្មតា របស់គណបក្សនយោបាយនីមួយៗ» ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានប្រកាសគោរពសិទ្ធិដល់ការសម្រេចចិត្ត របស់គណបក្សនីមួយៗ ក្នុងរៀបចំបេក្ខភាពនាយករដ្ឋមន្រ្តី ប៉ុន្តែសម្ដេចក៏ទាមទារឲ្យគណបក្សទាំងនោះគោរពសិទ្ធ និងទទួលស្គាល់ការរៀបចំ របស់គណបក្សប្រជាជនកម្ពុជា ផងដែរ។
សម្ដេចបន្ថែមថា ការបំរុងទុកអ្នកជំនាន់ក្រោយ គឺត្រូវតែរៀបចំអីចឹងទេ បើមានវិបត្តិកើតឡើងជាយថាហេតុ បានអ្នកណាបន្ត (តំណែងនាយករដ្ឋមន្រ្តី) ចឹងត្រូវមានការសម្រេចចិត្ត ដ៏ច្បាស់លាស់មួយ របស់គណបក្ស ៕