ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មរុករកប្រេងនៅសមុទ្រ បានកំពុងមានបញ្ហា តែអាជីវកម្មរ៉ែមាស បានកំពុងកាក់កបវិញ។
មកទល់នេះមានរយៈពេល៩ខែហើយ សម្រាប់បើក ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី។ ៩ខែនេះ រករ៉ែមាសបានចំនួន២២៧៥គីឡូ ដោយយកទៅចម្រាញ់ជា មាសទឹក១០ បានជាង២តោន។ សម្រាប់ក្រុម ហ៊ុនរុករកប្រេងដែលបានមកដាក់ទុននៅកម្ពុជា បាន ប្រកាសក្ស័យធុន ក្រោយរកឃើញប្រេង ប្រមាណជា៣០បារ៉ែល នៅឈូងសមុទ្រកម្ពុជា ជាប់ប្រទេសថៃ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ លើកឡើងបញ្ហាជីកប្រេង នៅក្នុងសមុទ្រថា នៅពេលនេះបានបង្កើតឡើងជាបញ្ហា ដោយសារការជីកប្រេង អត់មានផលថែមទាំងគេលួចកប៉ាល់ទៅទៀត។ ប៉ុន្តែបែរមកជា កាក់កបជាមួយនឹងរ៉ែមាសទៅវិញ។
សម្តេចបញ្ជាក់ថា «យើងតាមផ្តើមធ្វើរ៉ែមាស ចាប់ពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ដែលមកដល់ពេលនេះ ៩ខែបាន២២៧៥គីឡូ ដល់ពេលយកទៅចម្រាញ់ជាមាស ទឹក១០បានប្រមាណជាង២តោន ដែលសល់ពីចម្រាញ់បានចេញជាប្រាក់ លង្ហិនជាដើម”។
សម្តេចគូសបញ្ជាក់ថា «វាទៅជាកាក់កបរ៉ែមាសវិញ យើងគ្រាន់តែធ្វើមួយកន្លែង យើងនៅធ្វើកន្លែងផ្សេងទៀត។ យើងចាប់ផ្តើមប្រើប្រាស់នូវធនធានធម្មជាតិ របស់យើងមួយចំណែក ដែលយើងកំពុងរុករកដើម្បីរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ»។
សម្តេចតេជោក៏បានលើកឡើងថា នៅប្រទេសមួយចំនួនបានជីករុករកប្រេង រាប់រយឆ្នាំហើយរហូតដល់សឹងរញ្ជួយដីថែមទៀត ។ ចំណែកកម្ពុជាបានទើបតែរុករកប្រេងបានតិចនោះទេ ប៉ុន្តែមានប្រេងច្រើន តែមិនដឹងថានៅកន្លែងណានោះទេ។ ទោះបីជាមានការធ្វើប្រេងមិនកាក់កបក្តីសម្តេចថា នឹងមានការរុករកប្រេងបន្តទៀត៕