ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃ៣១ មីនា នេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ រហូតទៅដល់ជិត១២លានដូស សម្រាប់ចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅថ្ងៃ៣១ មីនា សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានវ៉ាក់សាំងក្នុងដៃនៅពេលនេះ រហូតទៅដល់ជិត១២លានដូស។ យើងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីការពារប្រជាពលរដ្ឋរបស់យើង តាមរយៈដូសជំរុញដូសទី៣ ឬដូសទី៤ សម្រាប់ប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ សម្ដេចឲ្យដឹងទៀតផងដែរថា បើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី៦ ខែមេសា ខាងមុខ វ៉ាក់សាំង ដែលជាជំនួយរបស់អ៊ីតាលី ចំនួនជាង១លានដូសទៀត នឹងមកដល់កម្ពុជា ខណៈវ៉ាក់សាំងប៉ូឡូញ ក៏កំពុងត្រៀមរៀបចំដឹកមកកម្ពុជាជាង១លានដូសផងដែរ ។ បើតាមសម្ដេចតេជោ សហរដ្ឋអាមេរិក ក៏បានសន្យាផ្ដល់វ៉ាក់សាំងជូនកម្ពុជា៧.៥លានដូស ដែលអាចមកដល់ចន្លោះខែមេសា ដល់ខែកញ្ញា ៕
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨២២,៩១០នាក់៕