ព័ត៌មានជាតិ

សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្លងផុតគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានអនុម័តទាំងស្រុងលើរបៀបវារៈស្តីពី «សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨»។

ច្បាប់ស្ដីពីការគ្របគ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបទំនើបនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាល និងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម។

ទន្ទឹមនោះ ច្បាប់រៀបចំអង្គការក៏បានកំណត់ឲ្យមានប្រព័ន្ធអភិបាលកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានតួអង្គពីរសំខាន់ ដែលតួអង្គទី១គឺក្រុមប្រឹក្សា ដែលត្រូវបានបង្កើតឡើងតាមការបោះឆ្នោត ដើម្បីធ្វើជាតំណាងឲ្យសំឡេង និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងតួអង្គទី២ គឺគណៈអភិបាល ដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឲ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែងអនុវត្តការងារប្រចាំថ្ងៃ៕

To Top