ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា បានឯកភាព ធ្វើការរួមគ្នាក្នុងការជួយមីយ៉ាន់ម៉ា ឲ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា លោក ប្រាក់ សុខុន បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកស្រីបណ្ឌិត Noeleen Heyzer អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជា រវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង កាលពីថ្ងៃទី៣១ ខែមីនា ។ នេះគឺជាជំនួបលើកទីពីរ បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
សេចក្តីប្រកាសបញ្ជាក់ថា «ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ប្រេសិតទាំងពីរបានឯកភាព ធ្វើការរួមគ្នាក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឲ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀង ជា ឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន» ។
ក្នុងជំនួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈនេះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រេសិតអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នាផងដែរ អំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយអាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជាជំហានៗ ដោយចាប់ផ្តើមពីការចែកចាយ ជំនួយមនុស្សធម៌ទៅ។
ជាមួយគ្នានោះលោកស្រីបណ្ឌិត Heyzer បានទទួលស្គាល់ការលំបាកនានា ដែលកម្ពុជាកំពុងប្រឈម ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការ ស្វែងរកដំណោះស្រាយ ចំពោះវិបត្តិមីយ៉ាន់ម៉ា ៕