បច្ចេកវិទ្យា

តើលោកអ្នកកំពុងតែ មានបញ្ហាជាមួយ នឹងថ្មរបស់ទូរស័ព្ទ iPhone?

ភ្នំពេញ ៖ មិនទាន់បាន២សប្តាហ៍ បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់ កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.4 ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព កម្មវិធីនេះសារជាថ្មី និងបានដាក់ឲ្យប្រើប្រាស់ នូវជំនាន់ iOS 15.4.1 ដើម្បីធ្វើការកែសម្រួល ដោយសារតែថ្ម របស់ទូរស័ព្ទ iPhone ត្រូវបានប្រើអស់លឿន ជាងប្រក្រតី។

យោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១ មេសានេះ បានឲ្យដឹងថា ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ Apple ក៏បានធ្វើការកែសម្រួល បញ្ហាសុវត្ថិភាពជាមួយនឹង AppleAVD ដែលអាចឲ្យជនខិលខូច ដំណើរការកូដ ដោយពុំមានការដាក់កំណត់ នៅក្នុងប្រព័ន្ធប្រតិបត្តិការ របស់ទូរស័ព្ទ (Kernel privileges)។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមហ៊ុនបានដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.4 មានអ្នកប្រើប្រាស់ជាច្រើន បានធ្វើការរអ៊ូរទាំ ដោយសារតែថ្មទូរស័ព្ទ របស់ពួកគេត្រូវបានប្រើ អស់លឿនជាងមុន។

ដូច្នេះដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់ទូរសព្ទ ជាពិសេសប្រសិនបើលោកអ្នក មានបញ្ហាជាមួយនឹងថ្មទូរស័ព្ទ បន្ទាប់ពីធ្វើបច្ចុប្បន្នភាព កម្មវិធីទៅជំនាន់ iOS 15.4 លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាព កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ឲ្យបានឆាប់រហ័សដើម្បីកែសម្រួល ភាពចន្លោះប្រហោងនេះ។

ដើម្បីធ្វើបច្ចុប្បន្នភាព កម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update ៕

To Top