តាកែវ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ១៩០នាក់ នៅរោងចក្រ KUANTECH (CAMBODIA) CORPORATION LIMITED បានចូលរួមឈ្វេងយល់ច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចុះបណ្តុះបណ្តាល ពីក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. ។
លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារ (ស.ផ.ក) ក្នុងឱកាសអញ្ជើញបើកវគ្គ បណ្តុះបណ្តាលខាងលើ បញ្ជាក់ថា៖ ពិធីប្រជុំផ្សព្វផ្សាយអប់រំខាងលើនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ដល់បងប្អូនអ្នកបើកបររថយន្ត ដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិត ឲ្យពួកគាត់បានយល់កាន់តែច្បាស់ ទៅលើច្បាប់ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ នឹងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន។
ជាមួយគ្នានេះ លោកបានធ្វើការសំណូមពរដល់ បងប្អូនកម្មករនិយោជិតទាំងអស់ ជាពិសេសអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់ៗ និងចេះយោគយល់អធ្យាស្រ័យ នៅពេលធ្វើដំណើរ នៅតាមដងផ្លូវ ពិសេសត្រូវប្រកាន់ខ្ជាប់ នូវសីលលធម៌ ១០ចំណុចដូចខាងក្រោម៖
១. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
២. មិនត្រូវបើកបរស្ថិតក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត
៣. មិនត្រូវបើកបរស្ថិតក្រោម ឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត
៤. មិនត្រូវបើកបរស្ថិតក្រោម ស្ថានភាពងងុយដេកដាច់ខាត
៥. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
៦. ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
៧. ត្រូវប្រកាន់ស្តាំជានិច្ច
៨. ត្រូវត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តជានិច្ច
៩. ត្រូវចេះបើកបរ ឲ្យបានត្រឹមត្រូវជាដាច់ខាត
១០. ត្រូវប្រុងប្រយ័ត្នជានិច្ច ។
លោកក៏បានធ្វើការអំពាវនាវ ដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ធ្វើយ៉ាងណាត្រូវ៖
- ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន
- សម្រាប់ឡានដឹកកម្មករ មិនត្រូវផ្ទុកកម្មករលើសចំណុះដាច់ខាត
- ត្រួតពិនិត្យយានយន្ត មុនពេលចេញទៅដឹកបងប្អូនកម្មករ – កម្មការិនី
- ត្រូវទៅឆៀករថយន្តជាប្រចាំ
- អ្នកបើកបររថយន្តដឹកកម្មករ និយោជិតទាំងអស់ ត្រូវទៅប្រឡងយកបណ្ណ័បើកបរ ឱ្យស្របតាមប្រភេទយាន។
សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅរោងចក្រ KUANTECH (CAMBODIA)CORPORATION LIMITED មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានវត្តមាន ចូលរួមពីតំណាងមន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលពីបងប្អូន អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត សរុបប្រមាណជាង ១៩០នាក់៕