ព័ត៌មានជាតិ

ខឹងប្រពន្ធស្រវឹងខួប និង យកលុយទៅទិញស្រាផឹក បុរសជាប្តីម្នាក់ វាយនាងស្លាប់ ត្រូវជាប់គុក៧ឆ្នាំ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទម្នាក់ ជាប់គុក កំណត់ ៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការវាយប្រពន្ធរបស់គាត់ បណ្តាលអោយស្លាប់ ដោយសារតែខឹងនឹងនាងញៀនផឹកស្រាស ( ប្រពន្ធស្រវឹងខួប) និងតែងតែ យកលុយ ដែលខ្វះខាត ទៅទិញស្រាផឹក និង មិនដណ្តាំបាយអោយប្តីឆី ខណៈដែលខ្លួន ត្រឡប់មកពី ធ្វើការងារចំការ ប្រព្រឹត្ត នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០១៧ ។

លោកប៉ុល សំអឿន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សុខ ថ្នើ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាកសិករ ( អ្នកចំការ) ។ ចំណែកឯ ជនរងគ្រោះ ( ប្រពន្ធរបស់គាត់) មានអាយុ ៤៧ ឆ្នាំ មុខរបរកសិក ។

អ្នកទាំង២នាក់ មានកូនចំនួន៣នាក់ និងមានទីលំនៅ នៅស្រុកកោះធំ ខេត្តកណ្តាល។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សុខ ថ្នើ ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ២៥ ខែ មការា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ: «ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស» តាមបញ្ញាតិមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ។ តែគាត់ប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ឈ្មោះ សុខ ថ្នើត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៧ បន្ទាប់ពីគាត់ បានវាយប្រពន្ធរបស់គាត់ចំនួន៣ដៃ ចំមុខ ខណៈដែលនាងកំពុងតែស្រវឹងស្រា ដោយសារខឹងនឹងនាង តែងតែយកលុយ ដែលមានតិចតួច និង ខ្វះខាត ទៅទិញតែស្រាផឹក និង មិនដណ្តាំបាយអោយប្តីឆាយ ខណៈដែលគាត់ បានវិលត្រឡប់ ពីធ្វើការងារចំការវិញ មិនបានបាយហូប នាថ្ងៃកើតហេតុនោះ៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top