ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានប្រកាសឲ្យដឹងថា រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរបរទេសចំនួន ១៩.៨៤០នាក់ បានចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ និងទទួលបានចំណូលសរុប ៨១៥.៥៧៥ដុល្លារ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១ មេសា គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងខែមីនា ឆ្នាំ២០២២នេះ គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៣៧,៤៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៨,១៧៧នាក់។
គ្រឹះស្ថានអង្គរបញ្ជាក់ថា ចំណូលឧបត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២២នេះ មានចំនួនសរុប ៣៩,៦៨០ដុល្លារ ដែលបានពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									