ព័ត៌មានជាតិ

កូរ៉េ ចង់ប្រែក្លាយភ្នំពេញ ជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល

ភ្នំពេញ ៖ ក្រុមហ៊ុនរបស់កូរ៉េមួយ ចង់យកបទពិសោធន៍ ជោគជ័យកន្លងមក មករួម ចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញ ឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល បន្ទាប់ពីសង្កេតឃើញកម្ពុជា មានសក្តានុពល និង ការរីកចម្រើនឥតឈប់ឈរ ។

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១ មេសា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានមានប្រសាសន៍ថា តាមរយៈវិធានការមុតស្រួចនានា ដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្ត ស្តារសេដ្ឋកិច្ច ឡើង វិញ របស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងងើបឡើងវិញ ជាមួយនឹងកំណើន ៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អ សម្រាប់វិស័យធុរកិច្ច។

ក្នុងឱកាសនោះលោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចា ពាណិជ្ជកម្មកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានធ្វើបទបង្ហាញសង្ខេប ជូនអង្គប្រជុំ អំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ការគ្រប់គ្រងលើស្ថានភាពកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព សក្តានុពលពាណិជ្ជកម្ម និង កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

ទន្ទឹមនឹងនេះតំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិក្រុមហ៊ុន ចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរក កាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម ។ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើន ឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទ ពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញ ឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើង នូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យ ធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត ៕

To Top