ព័ត៌មានជាតិ

កម្ពុជា ស្នើឥណ្ឌា រៀបចំព្រឹត្តិការណ៍ លំអានអរិយធម៌ ឡើងវិញ ដើម្បីផ្សព្វផ្សាយ ពីទេសចរណ៍សាសនា

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឥណ្ឌា ពិនិត្យលើលទ្ធភាពរៀបចំព្រឹត្តិការណ៍ «លំអានអរិយធម៌ Trail of Civilization» ឡើងវិញ ដើម្បីផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ទៅកាន់ក្រុមអ្នកទេសចរ ដែលនិយមដំណើរទេសចរណ៍ ផ្សារភ្ជាប់ជាមួយសាសនា។

ក្នុងជំនួបជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) មុនពេលចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា ចំនួន២ កាលពីថ្ងៃទី១ ខែមេសា លោករដ្ឋមន្ត្រី ថោង ខុន បានស្នើទៅកាន់លោកស្រី ទេវ្យានី ខូប្រាហ្កាដេ ពិនិត្យលើលទ្ធភាព រៀបចំឡើងវិញ នូវព្រឹត្តិការណ៍លំអានអរិយធម៌ (Trail of Civilization) ដែលធ្លាប់បានសហការរៀបចំ ដោយជោគជ័យ នាពេលកន្លងមក ។ កាលណោះ ប្រទេសឥណ្ឌា និងបណ្ដាប្រទេសមួយចំនួន នៅតំបន់អាស៊ាន ដូចជាកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌាណេស៉ីជាដើម គឺបានសហការគ្នារៀបចំ ព្រឹត្តិការណ៍លំអាន អរិយធម៌នេះ ប៉ុន្តែក៏បានផ្អាកទៅវិញ។

គោលបំណងនៃការរៀបចំ ព្រឹត្តិការណ៍វប្បធម៌នេះដែរ គឺដើម្បីលើកកម្ពស់វិស័យវប្បធម៌ ផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍បែបសាសនា និងគោលដៅទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដូចជា រមណីយដ្ឋានអង្គររបស់កម្ពុជា តំបន់ប្រាសាទបាហ្កានរបស់មីយ៉ាន់ម៉ា ប្រាសាទបុរោពុទ្ធោ (Borobudur) របស់ឥណ្ឌូណេស៊ីជាដើម ។ ក្រៅពីនោះក៏ផ្ដោតលើការ ផ្សព្វផ្សាយពុទ្ធសាសនាផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន ខាងលើនេះ និងបានស្នើសុំឱ្យក្រុមការងារ ក្រសួងទេសចរណ៍ផ្ដល់ឯកសារទស្សនទាន (Concep note) ដើម្បីឱ្យស្ថានទូតឥណ្ឌារៀបចំ បញ្ជាក់បន្ថែមទៅដល់ ក្រសួងការបរទេសឥណ្ឌា និងភាគីពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រីជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ នឹងអាចធ្វើទៅបាន។

សូមរំលឹកថា កន្លងមក ស្ថានទូតឥណ្ឌាមានគម្រោងច្រើន ដែលសហការជាមួយក្រសួងទេសចរណ៍ ដូចជាការបណ្ដុះបណ្ដាលពង្រឹង សមត្ថភាពរបស់អ្នកបម្រើសេវាកម្ម ក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ពីគ្នាទៅវិញទៅមក ការចូលរួមពិព័រណ៍ទេសចរណ៍ វប្បធម៌ កីឡា ដូចជាទិវាអន្តរជាតិយោគៈជាដើម ហើយនាពេលបន្តទៅមុខនេះទៀត ឥណ្ឌាក៏នឹងចូលរួមអនុវត្ត គម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project) ចំនួន៣ទៀតជាមួយក្រសួងទេសចរណ៍កម្ពុជា គឺនៅតំបន់សត្វស្លាបបឹងស្នេហ៍ ខេត្តព្រៃវែង តំបន់អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ រួមជាមួយការរៀបចំកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសកម្ពុជាផងដែរ ៕

To Top