ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគ ដោយ ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និង ត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា។
អាកាសយានដ្ឋាន អន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំ បាន ប្រមាណ ៧លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោង វិនិយោគ BOT ៥៥ឆ្នាំ ។
តាមរយៈអាកាសយានដ្ឋានថ្មីនេះ គឺជាគម្រោងកម្រិត យុទ្ធសាស្ត្រ រវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមក នូវ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញ អាកាសយានដ្ឋាន នេះមានការរីកចម្រើនផងដែរ ។