នយោបាយ

នាយករដ្ឋមន្រ្តីសង្ឃឹមថា អ្នកវិភាគមិនចាត់ទុក ការធ្វើព្រលានយន្ដហោះអន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងយោធាចិន នៅក្រៅប្រទេស

ភ្នំពេញ៖ ផ្ដាំទៅកាន់ក្រុមអ្នកវិភាគជាតិ និងអន្តរជាតិមួយចំនួន ដែលតែងតែរិះគន់ បែបមូលបង្កាច់ លើទំនាក់ទំនងកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមអ្នកវិភាគមិនចាត់ទុក ការធ្វើព្រលានយន្ដហោះ អន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងយោធាចិន នៅក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជានោះទេ ខណៈកម្ពុជា មិនត្រូវការវត្តមានយោធាចិន ឬយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។

ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាបអង្គរ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «តិចវិភាគទៅច្រកហ្នឹណា! បើគេចង់ចុះ(យន្តហោះ) និយាយឱ្យត្រង់ហ្មងទៅ គេចុះពោធិ៍ចិនតុង ក៏បានដែរកុំទៅឆ្ងល់ពេក គេចុះនៅណាក៏បានដែរ។ បើសិនជាគេចង់ចុះឧបមា បើគេបើកប្រតិបត្តិការយោធា គេចង់ចុះនៅណាក៏ចុះបានដែរ»។

សម្ដេចតេជោ បានគូសបញ្ជាក់ថា «សង្ឃឹមថាអ្នកធ្វើការអត្ថាធិប្បាយ ឬអ្នកវិភាគមិនចាត់ទុក ការធ្វើព្រលានយន្ដហោះ អន្តរជាតិសៀមរាបនេះ ជាផ្នែកមួយនៃការពង្រឹង យោធាចិននៅក្រៅប្រទេស នៅក្នុងប្រទេសកម្ពុជានោះទេ»។

ពាក់ព័ន្ធទៅនឹងការកសាង ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ សម្ដេចតេជោបានថ្លែងថា កម្ពុជាអត់ត្រូវការយោធាបរទេសនោះទេ តែត្រូវការភ្ញៀវទេសចរបរទេស មកឱ្យច្រើន ដោយដំណាក់កាលទី១ ចំនួន៧លាននាក់ បើថាសមត្ថភាពលើសផុត អស់ពី៧លានហើយ ត្រូវពង្រីកឡើងឱ្យដល់១០លាន ១០លានរួចហើយ នៅតែមិនទាន់គ្រប់ពង្រីកឱ្យ ទៅដល់២០លានដូចការគ្រោងទុក។
សម្ដេចបន្ថែមថា«(ព្រលានយន្តហោះថ្មីនេះ)មិនគ្រាន់តែទទួលយន្ដហោះចិននោះទេ គ្រប់ប្រភេទយន្ដហោះទាំងអស់មកទីណា ក៏ចុះបាន»។

សម្ដេចតេជោផ្ដាំថា «សង្ឃឹមថាអ្នកវិភាគ មិនវិភាគជ្រុលទៅដល់ថា ឱ្យតែវិនិយោគជាមួយចិន ដឹងតែដាក់កងទ័ពចិន។បរទេសខ្លះទៅ ខ្មែរខ្លះទៅ ហើយយូៗទៅអានេះ ឡប់បណ្ដោយ»។

ដោយឡែក ពាក់ព័ន្ធយុទ្ធសាស្រ្តយោធា សម្ដេចតេជោក៏បានចំអក ទៅកាន់ក្រុមអ្នកវិភាគ ថាបើយោធាចិនចង់ចុះចត អាចចុះនៅព្រលានដែលមានស្រាប់ ចាំបាច់អ្វីតែព្រលានយន្ដហោះថ្មីនេះ។

សម្ដេចតេជោ បញ្ជាក់ថា «គិតពីយុទ្ធសាស្រ្តយោធា ទៅវិញចុះព្រលានយន្ដហោះដែលមានស្រាប់ ម៉េចក៏មិនចុះ។ អ្នកខ្លះគេថា ព្រលានយន្ដហោះនៅតារាសាគរ ជាព្រលានយន្ដហោះមួយ សម្រាប់ទទួលយោធាចិន ឆ្គួតទេអី! ម៉េចក៏មិនចុះព្រលានយន្ដហោះកងកេង បណ្ដោយទៅមិនស្រួល អីក៏វាយ៉ាប់ម្ល៉េះ បើបានជ្រុលតែមូលបង្កាច់ហើយ មូលបង្កាច់ឱ្យច្បាស់ហ្មង ទៅថាព្រលានយន្ដហោះទាំងអស់ នៅស្រុកខ្មែរត្រៀម សម្រាប់ឱ្យយោធាចិនចុះ ចឹងតែម្ដងទៅ»។

សម្ដេចសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ រហូតទៅដល់ឱ្យទឹកដីរបស់ខ្លួន សម្រាប់ដាក់កងទ័ពបរទេស ដែលខុសពីធម្មនុញ្ញរបស់ខ្លួន។ ហើយយកកងទ័ពចិន កងទ័ពបរទេស មកដាក់ស្រុកខ្មែរធ្វើអី»។

សម្ដេចតេជោថា យោធាបរទេសនៅបានតែស្ថិតក្នុង ឋានៈជាអនុព័ន្ធយោធា ហើយក៏មិនត្រូវការ ទីប្រឹក្សាយោធាបរទេស នៅក្នុងស្រុកខ្មែរនោះដែរ។

ពាក់ព័ន្ធនឹងព្រលានយន្ដហោះ សៀមរាបថ្មីនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាគីចិនបានប្រើប្រាស់ថវិកាអស់ជាច្រើន ក្នុងការកសាងចំណែកខ្មែរមានតែដី សម្រាប់សាងសង់តែប៉ុណ្ណោះ ដោយសម្ដេចប្រើពាក្យមួយថា «ចិនយកម្ស៉ៅ ធ្វើនំខ្មែរស៊ី»។

សម្ដេចតេជោ បញ្ជាក់ថា «៥៥ឆ្នាំក្រោយ ព្រលានយន្ដហោះនិងផ្លូវថ្នល់ទាំងនេះ នឹងត្រូវប្រគល់ជូនកម្ពុជា ដាច់វិញតែម្ដង»។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានប្រសិទ្ធនាមខេត្តសៀមរាប ជាតារារះនៅទិសឧត្តរ ខណៈនៅខេត្តទឹកដីអង្គរមួយនេះ បាននិងកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងផ្លូវថ្មីដ៏ស្រស់ស្អាត រហូតដល់ទៅ៣៨ខ្សែ និងសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នាសម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យរដ្ឋករទឹក ខេត្តសៀមរាប ចាត់ចែងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ព្រលានយន្តហោះសៀមរាបថ្មី។
សម្តេចតេជោ ក៏បានថ្លែងបន្តទៀតថាអ្វីៗ ដែលកើតឡើងទៅបាននៅពេលនេះ មិនមែនជាការចៃដន្យនោះទេ។ចំពោះការអភិវឌ្ឍ នៅក្នុងខេត្តសៀមរាប គឺបានកើតចេញ ពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ ៕

To Top