ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងចំណាយទុន វិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់ សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករ ប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នការសាងសង់ សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅថ្ងៃទី៣ មេសានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថ្លែងនូវការកោតសរសើរ ចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីអង្គរ នេះគឺជាចម្ងាយមួយធានាដល់សុវត្ថិភាព របស់ប្រាសាទអង្គរ។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់ អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំ បាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរនេះ នឹងអាចទទួលបានការហោះហើយ យន្តហោះគ្រប់កម្រិត៕

To Top