ព័ត៌មានជាតិ

លោកបណ្ឌិត ឡី សុភាព សាទរនិងគាំទ្រ គោលនយោបាយជាតិ ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស ដល់សិក្ខាកាមប្រកបដោយវិជ្ជាជីវៈ

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមនសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ សាទរនិងគាំទ្រ គោលនយោបាយជាតិ ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស ដល់សិក្ខាកាមប្រកបដោយវិជ្ជាជីវៈ និងគោលនយោបាយជាតិ សម្រាប់ការសិក្សាពេញមួយជីវិត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកាលពីពេលកន្លងទៅ ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ អភិវឌ្ឍន៍ដីធ្លី និងសំណង់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ជំនាន់ទី១ ដល់សិក្ខាកាម ១៦៩នាក់ កាលពីចុងខែមីនា ឆ្នាំ២០២២កន្លងទៅនេះ លោកបណ្ឌិត ឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានលើកឡើងថា ការប្រកាសជ័យលាភី និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមនាពេលនេះ ធ្វើឡើងដោយទទួលបាននូវការទុកចិត្ត និងលើកទឹកចិត្តពីថ្នាក់ដឹកនាំ នូវការបណ្តុះបណ្តាល ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ទទួលស្គាល់ពីគ្រប់ស្ថាប័នពាក់ព័ន្ធនានា ។

លោកបណ្ឌិត​បានធ្វើការប្រកាសសាទរ និងគាំទ្រ ដល់គោលនយោបាយជាតិ ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈត្រឹមត្រូវ ជូនដល់សិក្ខាកាម ដែលជាធនធានមិនអាចខ្វះបាន ដល់ការអភិវឌ្ឍន៍ជាតិមាតុភូមិ និងគាំទ្រដល់គោលនយោបាយ សិក្សាពេញមួយជីវិត របស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកបណ្ឌិត ឡី សុភាព មានប្រសាសន៍ថា “ធនធានមនុស្ស គឺជារឿងមួយ ដែលយើងមិនអាចខ្វះបាន ដូច្នេះហើយធនធាននៅកម្ពុជា ត្រូវតែជាអ្នកមានជំនាញ ។ យើងបានចាប់ផ្តើមចេញ នូវច្បាប់ស្តីអំពីសំណង់ ប្រកាសស្តីពីអាជីវកម្មអចលនវត្ថុ ប្រកាសទាក់ទង ទៅនឹងការអភិវឌ្ឍន៍ដី និងសារាចរណែនាំផ្សេងដទៃទៀត ដើម្បីជាយន្តការ អោយភ្នាក់ងារ ឬក៏អ្នកអភវិឌ្ឍន៍ ដីធ្លី និងសំណង់ ដើរទៅប្រកបដោយ បរិយាបន្នមួយដ៏ត្រឹមត្រូវ ។ បើមិនដូច្នេះទេ ហៅថាធ្វើរបៀបល្ងង់ខ្លៅ ដែលនោះជាបញ្ហា ។ ឥឡូវនេះ យើងកំណែរទម្រង់ជាតិ គឺត្រូវមានការចូលរួម ពីគ្រប់ភាគីដែលពាក់ព័ន្ធ ត្រូវស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងពីគោលនយោបាយ នៅក្នុងថ្នាក់មូលដ្ឋាន ជាគោលនយោបាយជាតិមួយ ដែលមិនអាចខ្វះបាន ដែលនេះបង្ហាញឲ្យឃើញនូវ តម្រូវការធនធានមនុស្ស ដែលពោលពេញដោយចំណេះដឹងវិជ្ជាជីវៈ ដែលមានដូចជាសិក្ខាកាមទាំងអស់ ដែលបញ្ជប់ជ័យលាភី និងទទួលបានវិញ្ញាបនបត្រ ទាំងអស់នៅពេលនេះ ។ ហើយទាំងអស់គ្នា ត្រូវចងចាំថា ចូលដើម្បីរៀន ចេញដើម្បីបម្រើនៅតាមមូលដ្ឋាន ។ ជ័យលាភីទាំងអស់នេះ ជាកិត្តិយស សម្រាប់ជាតិមាតុភូមិ ចូលដើម្បីរៀន ចេញដើម្បីបម្រើ ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាចំណេះដឹងគ្រឹះមួយ ដែលមិនអាចខ្វះបាន ។ វិញ្ញាបនបត្រវិជ្ជាជីវៈនាពេលនេះ មានតម្លៃអាចយកទៅបញ្ជាក់បាន នៅគ្រប់កន្លែងទាំងអស់ ។ នេះជាចំណុចមួយ ដែលរាជរដ្ឋាភិបាល បានលើកទឹកចិត្ត នូវគោលនយោបាយជាតិ សម្រាប់ការសិក្សាពេញមួយជីវិត ។ ហើយលោកបណ្ឌិតក៏បានអំពាវនាវ ឲ្យគ្រប់គ្នា និងសារព័ត៌មាន បន្តផ្សព្វផ្សាយគោលនយោបាយជាតិ និងគោលនយោបាយអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យបានទូលំទូលាយផងដែរ ។

គួរឲ្យដឹងថា ឈរលើស្មារតីនេះ ការរៀបចំនិងដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបង្កើតយុទ្ធសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្លាំងពលកម្ម ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសស រួមចំណែកក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់ របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងប្រសើរជាងមុន ជាមួយបណ្តាប្រទេសក្នុងតំបន់៕

To Top