ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ជម្រះបណ្តឹង បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្ម នៅខេត្តកំពង់ចាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍េបស់ បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ ដាក់គុក កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើ ឃាតកម្ម ដោយសម្លាប់បុរសរងគ្រោះម្នាក់ ដោយកាប់នឹងពូថៅ ដោយរឿងជម្លោះពាក្យសម្តី បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង រួចយកសាកសព ទៅបោះចោលនៅក្នុងវាលស្រែ ហើយរត់គេចខ្លួន ប្រព្រឹត្តនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៩៩ ។

លោក ប៉ុល សំអឿន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ មានឈ្មោះ ៖ ទី១-ឈ្មោះ ស៊ុយ រ៉ាវី ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ ជាកសិករ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហេង ហុក ភេទប្រុស មុខរបរ កសិករ។ អ្នកទាំង២នាក់ មានទីលំនៅ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ ស៊ុយ រ៉ាវី និង ឈ្មោះ ម៉េង ម៉ាប់ ភេទប្រុស អាយុ ៤៨ ឆ្នាំ (រត់គេចខ្លួន) ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ១៥ ឆ្នាំ ពីបទ ” ឃាតកម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។

តែ ជនជាប់ចោទ ស៊ុយ រ៉ាវី បានប្តឹងឧទ្ទរណ៍ ។ ចំណែកឯឈ្មោះ ម៉េង ម៉ាប់ ( រត់គេចខ្លួន) មិនបានប្តឹងឧទ្ធរណ៍ទេ ។

ជនជាប់ចោទឈ្មោះ ស៊ុយ រ៉ាវី ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ស៊ុយ រ៉ាវី បានសារភាព និង ទទួលកំហុស។ គាត់បានសំណូមពរ ឱ្យ សាលាឧទ្ធរណ៍ មេត្តា បន្ធូរបន្ថយទោស ដល់រូបគាត់ផង ដើម្បីឆាប់បានវិលត្រឡប់ ជួបក្រុមគ្រួសារគាត់វិញ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅថ្ងៃ ទី ២៧ ខែ មេសា ឆ្នាំ ២០២២៕

ដោយ: លីហ្សា

To Top