ភ្នំពេញ៖ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកតុបតែងលម្អទីសាធារណៈ រមណីដ្ឋាននិងសួនច្បារនានា នឹងពង្រាយដាក់បង្គន់ អនាម័យចល័ត ចំនួន៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដើរលេងកំសាន្ត នៅក្នុងរាជធានីភ្នំពេញ ។

លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី ៥ខែមេសាឆ្នាំ២០២២នេះថា យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយ បង្គន់អនាម័យចល័ត ចំនួន៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានា នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះសម្រាប់នៅទីតាំង រមណីដ្ឋានវត្តភ្នំ ត្រូវដាក់ចំនួន៨បង្គន់ តែបើត្រូវកែប្រែយ៉ាងណានោះ លោកអភិបាលរាជធានីភ្នំពេញ នឹងធ្វើការណែនាំអោយអនុវត្ត នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃ៦មេសាស្អែកនេះ។

លោកបញ្ជាក់ទៀតថា ក្រៅពីការងារខាងលើ អង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏នៅមានការងារ មួយចំនួនទៀត ដែលត្រូវអនុវត្តផងដែរ ដូចជាការងារកាត់លះ មែកឈើនៅតាមដងផ្លូវ ការកាត់ស្មៅ នៅតាមសួនច្បារនានា ។

ចំណែកលោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹកបូមទឹក រាជធានីភ្នំពេញ ឱ្យដឹងដែរថា អង្គភាពមានគម្រោងបាញ់ទឹកលាងថ្នល់ លាបកំបោរសតាមគល់ឈើជាដើម បាញ់ស្នេតត្រូតាមបូឌៀរចិញ្ចើមផ្លូវសួនច្បារ រមណីយ៌ដ្ឋាននានាធ្វើយ៉ាងណា លើកសោភណ្ឌភាព រាជធានីភ្នំពេញអោយកាន់តែស្រស់ស្អាត។

មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញ បានបញ្ជាក់ ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គីសនី និងបំភ្លឺសាធារណៈ នៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ចែង លើការតុបតែងភ្លើងបំភ្លឺ សាធារណៈនៅតាមតាមឈើ និងសួនច្បារ នៅទូទាំងរាជធានីភ្នំពេញ។ ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ លើការរៀបចំកម្មវិធីសម្តែង សិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។

ក្នុងនោះ ក៏មានសកម្មភាពបំផុសចលនាប្រជាពលរដ្ឋ ចូលរួមឱ្យបានផុលផុស លេងល្បែង ប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម ប៉ុន្តែត្រូវអនុវត្តវិធានការ សុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លង នៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង៕

