ភ្នំពេញ ៖ នៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២២នេះ សាលា ប៊ែលធី អន្តរជាតិ ទាំង ២២ទីតាំង បានប្រារព្ធ «ទិវាសាលារៀនស្អាត» ឬ «ទិវា ស៥» ក្នុងគោលបំណងពង្រឹង និងជំរុញការរៀបចំសាលារៀនឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អបន្ថែមទៀត ព្រមទាំងធានាបាននូវបរិស្ថានស្អាត និងមានអនាម័យល្អប្រកបដោយផាសុកភាព ក្នុងន័យលើកកម្ពស់ សុខុមាលភាព ការបណ្តុះទម្លាប់ស្អាត និងការចូលរួមថែរក្សាបរិស្ថានទាំងក្នុងថ្នាក់រៀន សាលារៀន លំនៅដ្ឋាន និងតាមទីសាធារណៈ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា ការបង្កើត “ទិវាសាលារៀនស្អាត” ដោយកំណត់រៀបចំរៀងរាល់ថ្ងៃទី០៥ នៃខែនីមួយៗ ដើម្បីឱ្យគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់នំចំណីទាំងអស់ ចូលរួមអនុវត្តតាមគោលការណ៍ស្តង់ដា «ស៥» គឺ ១-សម្រិតសម្រាំង ២-សណ្តាប់ធ្នាប់ ៣-សម្អាត ៤-ស្តង់ដា និង ៥- ស្ថិតស្ថេរ ក្នុងគោលបំណងបណ្តុះគំនិតសិស្សានុសិស្ស ឱ្យមានមនសិការស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតអនាម័យនៅក្នុង ថ្នាក់រៀន សាលារៀន លំនៅដ្ឋាន និងតាមទីសាធារណៈ។ល។ ដើម្បីឱ្យសាកសមជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
លោក លី ប៊ុនឆៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកលក់នំចំណី និងប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមប្រារព្ធ «ទិវាសាលារៀនស្អាត» ឬ «ទិវា ស៥»។
នេះជាការឆ្លុះបញ្ចាំងពីកិច្ចសហការក្នុងការចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ ទាំងក្នុង និងក្រៅបរិវេណសាលា ជាពិសេសបណ្តុះទម្លាប់ស្អាត មានមនសិការស្រឡាញ់បរិស្ថាន និងចូលរួមលុបបំបាត់ការបោះសំរាមនៅតាមទីសាធារណៈផងដែរ៕