ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអំពាវនាវឱ្យប្រទេសមហាអំណាច ប្រជាធិបតេយ្យ ល្មមឈប់ពង្វក់ប្រជាជនខ្មែរ ឱ្យធ្វើសកម្មភាព មិនគប្បី នឹងសង្គមកម្ពុជាទៀតទៅ។

ការចេញមកអំពាវនាវពីសំណាក់អ្នកកាសែតជើងចាស់រូបនេះ បន្ទាប់ពីសង្កេតឃើញកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម តែងតែធ្វើសកម្មភាព មិនប្រក្រតីជាច្រើនលើកច្រើនសារ ក្នុងសំលៀកបំពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៍ សុជីវធ៌ម និងតម្លៃជាស្រ្តីខ្មែរ។

សូមរំលឹកថា កញ្ញា សេង ធារី តែងតែស្លៀកសំលៀកបំពាក់មិនសមរម្យឈរស្រែក ឡូឡានៅមុខតុលាការភ្នំពេញ ក្នុងរូបភាពមួយដែលមិនអាចទទួលយកបាន ជាក់ស្ដែងកាលពីថ្មីៗនេះ កញ្ញា សេង ធារី បានចងពុងដើរតាមផ្លូវ ហើយស្រែកថា ដើម្បីលើកតម្លៃស្រ្តីនិងវប្បធម៌ខ្មែរទៅវិញ។

នៅលើគេហទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ឱប្រទេសមហាអំណាចប្រជាធិបតេយ្យ អើយល្មមឈប់ពង្វក់ប្រជាជនខ្មែរទៅ។ អ្នកឯង ធ្វើនយោបាយប្រឆាំងចិនតែប្រទេសតូចតាចទន់ខ្សោយទៅវិញទេជាអ្នករងគ្រោះ»។
