ព័ត៌មានជាតិ

លោក ប៉ែន បញ្ញា ៖ រដ្ឋសភាមានតួនាទីសំខាន់ ការពារសិទ្ធិបញ្ចេញមតិ និងការរីករាលដាលផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស

ភ្នំពេញ ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា បានបញ្ជាក់ថា រដ្ឋសភាជាតិមានតួនាទីសំខាន់ក្នុងការការពារសិទ្ធិបញ្ចេញមតិពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស ។

លោក ប៉ែន បញ្ញា បានលើកឡើងក្នុងសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងសេរីភាពសារព័ត៌មាន បញ្ហាប្រឈមនឹងដំណោះស្រាយ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាថា «ការប្រឈមមុខនឹងការរីករាលដាលនៃការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុសនេះ សភាមានតួនាទីសំខាន់ណាស់ ក្នុងការការពារសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ សេរីភាពក្នុងការទទួលបានព័ត៌មាន ក៏ដូចជាការការពារសិទ្ធិ ជាមូលដ្ឋាននិងការអនុវត្តសិទ្ធិផ្សេងៗទៀតរបស់បុគ្គល សំដៅធានាឲ្យបាននូវការអភិវឌ្ឍ សេចក្តីថ្លៃថ្នូរ និងការរីកចំរើនរបស់បុគ្គលម្នាក់ៗ” ។

ជាមួយគ្នានេះដែរ លោកថា ការការពារសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ជាការចូលរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ហើយធ្វើឲ្យមានការរីកចម្រើនផ្នែក សេដ្ឋកិច្ច និងសង្គម។ លោកបន្តថា ទំនួលខុសត្រូវយ៉ាងសំខាន់របស់សភា ក្នុងការប្រយុទ្ធប្រឆាំងនឹងបាតុភាពនេះ គឺអាចធ្វើបានតាមរយៈការ បង្កើតយន្តការច្បាប់ដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដើម្បី ការអនុវត្ត និងចែកចាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុស ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនក្នុង លក្ខណៈខុសច្បាប់ និងធានាឲ្យបាននូវសេរីភាពសារព័ត៌មាន។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព័ត៌មានក្លែងបន្លំ (Ladésinforeration) និងព័ត៌មានខុស (La mésinformation) បានរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ដោយសារការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន និងការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាដើម ហើយកម្ពុជា ក៏មិនបានជៀសផុត ពីបាតុភាពនៃការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងព័ត៌មានខុសនោះទេ។ ព័ត៌មានក្លែងបន្លំ និងព័ត៌មានខុសជាបច្ចេកទេសទំនាក់ទំនងដែលមានគោលបំណងបំកាន់អ្នកអាន ឬមតិសាធារណៈដើម្បីផលប្រយោជន៍អ្វីមួយ ឬជះឥទ្ធិពល លើមតិសាធារណៈលើប្រធានបទមួយដាក់លាក់។

លោក ប៉ែន បញ្ញា ឲ្យដឹងទៀតថា ធ្ងន់ធ្ងរជាងនេះទៅទៀត ប្រភេទនៃព័ត៌មានក្លែងបន្លំ និងព័ត៌មានខុសខ្លះ មានគោលបំណងស្វែងរកការកេងចំណេញ ផ្នែកនយោបាយ ឬសេដ្ឋកិច្ច ហើយអាចមានខ្លឹមសារ ជ្រុលនិយម និងមានចេតនាកៀងគរមតិសាធារណៈ ដឹកនាំមនុស្សឲ្យប្រកាន់យកទស្សនៈគំនិតជ្រុលនិយម និងដណ្តើមយកស្វ័យភាពរបស់បុគ្គលដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សជាមូលដ្ឋាន៕

To Top