ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ សមត្ថកិច្ចមិនត្រូវគំរាមកំហែង ជនបរទេស ឲ្យពួកគេគៀងគរ ជនបរទេសផ្សេងទៀត មកបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំសមត្ថកិច្ចមិនត្រូវ គំរាមកំហែង ប្រើអំពើហិង្សា ដល់ជនបរទេសឡើយ ដើម្បីឲ្យពួកគេគៀងគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុកវិនិយោគ នៅកម្ពុជាបន្ថែម។

ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ការគ្រប់គ្រងជនបរទេសចូលមកកម្ពុជា គឺធានាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេច មានប្រសាសន៍ថា «យើងក៏ធានាដល់ការលើកទឹកចិត្តសម្រាប់ការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមជាតិ ផងដែរ។ គឺខិតខំលើកទឹកចិត្តដល់អន្ដោប្រវេសន៍ គ្រប់ផ្នែករស់នៅប្រទេសកម្ពុជា ជាពិសេស អន្ដោប្រវេសន៍ស្របច្បាប់ ធ្វើយ៉ាងម៉េចឲ្យគេរស់នៅ ប្រកបដោយសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួច ឆក់ ប្លន់ ជាដើម ដើម្បីលើកទឹកចិត្ត ឲ្យគេគៀងគរ ជនបរទេសផ្សេងៗទៀត ឬអ្នកវិនិយោគផ្សេងទៀត ពីបរទេស មកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន»។

លើសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ពិសេស ពង្រឹង ការពារ ជនបរទេស ហើយប្រឆាំងដាចខាត បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស តាមច្រកព្រំដែន។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា មានជនអន្តោប្រវេសន៍ ដែលបានពាក្យ សុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩) តាមរយៈយុទ្ធនាការ ជំរឿនស្ថិតិ ដកហូតឯកសាររដ្ឋបាល មិនប្រក្រតីចំនួន ២៨.៩៤៥គ្រួសារ មនុស្សចំនួន ៨៩.៧៨៦នាក់។ ក្នុងនោះ តាមការស្រាវជ្រាវ ទិន្នន័យ នៃការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ពិនិត្យឃើញថា មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ ដែលមិនមកបន្តសុពលភាព អគ្គនាយកដ្ឋានកំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេគោរពត្រឹម ត្រូវតាមច្បាប់ ៕

To Top