ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ស្នើក្រុមប្រឹក្សាធុរកិច្ច​ អាមេរិក-អាស៊ាន បំពេញទស្សនកិច្ច នៅកម្ពុជា ស្វែងយល់ពីស្ថានភាព នៃការធ្វើពាណិជ្ជកម្ម (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើក្រុមប្រឹក្សាធុរកិច្ចរបស់ អាមេរិក-អាស៊ាន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីស្ថានភាព នៃការធ្វើពាណិជ្ជកម្ម។

ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនPrudential Insurance Growth Markets ដឹកនាំដោយលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងជាប្រធានក្រុម ប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន នាថ្ងៃទី៥ មេសា លោក ស៊ុន ចាន់ថុល បានថ្លែងថា «ស្នើឲ្យក្រុមប្រឹក្សាធុរៈកិច្ច អឺរ៉ុប-អាស៊ាន បំពេញទស្សនកិច្ចមកកម្ពុជាទៀងទាត់ ដូចក្រុមប្រឹក្សាដទៃទៀត ជាពិសេសក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន ដើម្បីស្វែងយល់អំពីស្ថានភាពនៃការធ្វើពាណិជ្ជកម្ម ផលវិបាក សំណូមពរ និងការស្វែងរកដំណោះស្រាយចំពោះការធ្វើធុរកិច្ច នៅកម្ពុជា»។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក៏បានស្នើក្រុមប្រឹក្សាធុរកិច្ចរបស់ អឺរ៉ុប-អាស៊ាន បំពេញទស្សនកិច្ច ឬបេសកកម្មមកកាន់បណ្តារដ្ឋជាសមាជិកអាស៊ានជាប្រចាំឆ្នាំ ជាពិសេសជួបប្រជុំ ជាមួយថ្នាក់ដឹកនាំបណ្ដារដ្ឋមន្ត្រីតាមបណ្ដាវិស័យក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន។

នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាធុរៈកិច្ចអឺរ៉ុប-អាស៊ាន បានជម្រាបជូនអំពីការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ និងបានបង្ហាញចំណាប់អារម្មណ៍ផងដែរលើគម្រោងអាទិភាពសំខាន់ៗនៃវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារសំខាន់ៗរបស់ក្រសួង រួមមាន៖ គម្រោងបង្កើតស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីក្រោមកិច្ចសហការជាមួយអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ)ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពល អគ្គិសនី និងគម្រោងស្តីពីការដឹកជញ្ជូនបៃតងនៅខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំជាមួយធនាគារពិភពលោក៕

To Top