ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ។
យោងតាមរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់ គ.ជ.ប.ជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុក ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាអាទិភាពខ្ពស់ បើទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ បានកើនឡើងខ្លាំង ព្រមទាំងស្ថានភាពប្រែប្រួល នៃសេដ្ឋកិច្ចពិភពលោក ដែលមានទាំងវិបត្តិសេដ្ឋកិច្ច សង្គ្រាមរ៉ាំរ៉ៃនៅបណ្តាប្រទេសមួយចំនួន ជួបគ្រោះធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាដើម) ក្នុងឆ្នាំ២០២១ ក៏ដោយ។ ទាំងនៅតាមបណ្តាក្រសួងស្ថាប័ន ទាំងនៅថ្នាក់ក្រោមជាតិ រហូតដល់នៅតាមខ្សែបណ្ដោយព្រំដែន មន្ត្រីគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស ដែលជ្រកក្រោមរូបភាពផ្សេងៗ បង្កើតឡើងដោយឧក្រិដ្ឋជន និងបណ្តាញរបស់ខ្លួន ។
លើសពីនេះទៀត រាជរដ្ឋាភិបាល បានបង្កើនថវិកាសម្រាប់វិស័យសង្គមកិច្ច ដើម្បីទ្រទ្រង់ជីវភាពកម្មករ ដែលបាត់បង់ការងារ ប្រជាពលរដ្ឋក្រីក្រ ពលករ ដែលវិលត្រឡប់ក្នុងអំឡុងពេល នៃការបិទខ្ទប់ក្នុងប្រទេសគោលដៅ ដែលមានចំនួនច្រើន លើសលប់ រហូតដល់ ១៤០.៦៦៤នាក់ ក្នុងនោះមានស្រ្តី ៦២.២៩៤នាក់ និងភាគច្រើនជាអ្នកដែលខ្វះលទ្ធភាព ក្នុងការទ្រទ្រង់ជីវភាពពេលត្រឡប់មកវិញ ហើយងាយរងគ្រោះ ៕