ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាល ជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបង, ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ សូមអបអរសាទរ ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុ សេនាធំ និងបណ្តុះ បណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក ។ វគ្គហ្វឹក ហ្វឺនទាំងនេះ ពិតជាបាន ឆ្លើយតប ចំពោះសេចក្តីត្រូវការ ផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃការអនុវត្តភារកិច្ចលើការងារធានា ឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាព ការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀត របស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹង ប្រែង យកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យ បញ្ចប់វគ្គក្នុងពេលនេះ ។ ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញ ចំណេះ ដឹង និង បទពិសោធន៍ទទួលបានពីវគ្គ ហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ ភារកិច្ច នៅតាម បណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ទទួល រ៉ាប់រងរាល់ភារកិច្ចរបស់ អង្គភាព នាពេលចំពោះមុខ និងតទៅអនាគត ។

លោក ក៏សូមថ្លែងអំណរគុណ ចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិ ភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកប ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេច បានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ។ ទាំង អស់នេះ គឺពិតជាបានស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និង សាមគ្គីភាព សហការជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ យោធាចារ្យ និងយោធិនទាំង អស់ក្នុង បុព្វហេតុ កសាងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពពេញលេញ និងប្រកប ដោយ វិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ។

លោកបានបន្ថែមថា កងទ័ពជើងគោកយើង ពិតជាមានការទទួលខុសត្រូវខ្ពស់ ដោយសារ យើង ត្រូវបំពេញ ទាំង ការងារស្នូលជាប្រចាំផង និងភារកិច្ចបន្តប្រយុទ្ធនឹងជំងឺរាតត្បាតផង ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែបន្ត និងមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ដោយសារជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង (សម្រេចបានប្រមាណជិត ៩៣% ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់)។ ហើយចំពោះមុខនេះ ភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និង សន្តិសុខជាតិ ក៏កាន់តែឈាន មកដល់ដំណាក់ កាលកាន់តែស្រួចស្រាល់ ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹង ការណ៍ដែលកម្ពុជា ត្រូវបំពេញភារកិច្ចក្នុង នាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជា ក៏ត្រូវរៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យ នៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្ត ទៅបានក្នុង បរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀង ទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក ។ ដូច្នេះ សូមបន្តប្រុងប្រៀបត្រៀម លក្ខណៈធានា អនុវត្ត យ៉ាង ម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ ៕







