ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ណែនាំអាជ្ញាធរ បង្ក្រាបបទល្មើសដាក់អន្ទាក់ ដើម្បីអភិរក្សសត្វព្រៃ បានគង់វង្ស

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន បានណែនាំអាជ្ញាធរគ្រប់លំដាប់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើស នៃការចាប់ដាក់អន្ទាក់ ដើម្បីអភិរក្សសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ ឲ្យបានគង់វង្ស ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងពិធីបើកយុទ្ធនាការ អន្ទាក់សូន្យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះអង្គការដៃគូទាំង បានប្តេជ្ញាចិត្តគាំទ្រ យុទ្ធនាការអន្ទាក់សូន្យ និង បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់ក្រសួងបរិស្ថាន ក្នុងកិច្ចការការពារ និង អភិរក្សធនធានធម្មជាតិ ប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ការទទួលខុសត្រូវ និងក្នុងស្មារតីភាពជាដៃគូ និងគោរពគ្នាទៅវិញ ទៅមក ។

លោក បញ្ជាក់ថា «សូមអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស នៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃ គ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ ដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុក ដល់មនុស្សរាប់ជំនាន់ទៀត»។

លោកបន្ដថា បញ្ហាអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា មិនមែនកើតឡើងតែនៅកម្ពុជានោះទេ អន្ទាក់រាប់លាន ត្រូវបានគេប៉ាន់ប្រមាណ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសមួយចំនួនផ្សេងទៀត ក្នុងតំបន់ ដូចជា ឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ជាដើម។

លោក បន្ថែមថា អន្ទាក់សម្លាប់សត្វព្រៃ ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វដំរី ពពួកពានរ ក៏ដូចជាសត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ ដោយអន្ទាក់ទាំងអស់ ។ លោកថា ធនធានសត្វព្រៃ របស់ប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើង បណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការ បន្ទាន់ទេនោះ កម្ពុជានឹងប្រឈម នឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួន ដែលមានតម្លៃ មិនអាចកាត់ថ្លៃ បានជាសកលក្នុងពេលអនាគតខាងមុខ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការ ដៃគូរបស់ខ្លួន បានដកអន្ទាក់ សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ ការពារធម្មជាតិ ចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗ ទៀតក្នុងប្រទេសកម្ពុជា ។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុប ចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ ការពារធម្មជាតិទាំងនេះ៕

To Top