ភ្នំពេញ ៖ ដើម្បីការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ(១៤-១៦មេសា) ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃ៧ មេសា ដើម្បីត្រៀមកងកម្លាំងការពារជាង២នាក់ នៅតាមគោលដៅសំខាន់ៗមួយចំនួន ។
បើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងជាង២ពាន់នាក់ បានបែងចែកកម្លាំងឈរជើង ការពារនិងរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញ ដូចជាឈរជើងនៅតាមវត្តអារាមទាំង១៥០វត្ត និងសាលាឆទានចំនួន៤កន្លែង គោលដៅកន្លែងកម្សាន្តសប្បាយរីករាយ និងនៅតាមច្រកចេញចូល រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក្នុងឱកាសប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាម ក៏ដូចជាចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ។
ក្នុងចំណោមកម្លាំងទាំងនោះ ត្រូវបានបែងចែកចេញជាផែនសម្រួលសណ្ដាប់ធ្នាប់ចរាចរអន្តរាគមន៍អគ្គិភ័យល្បាត និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និងគាស់ផ្ទះ ជាដើមខណៈពលរដ្ឋចាកចេញទៅស្រុកកំណើតអស់ ឬធ្វើដំណើរកម្សាន្តសប្បាយរីករាយនៅតំបន់ផង្សេងៗ។
ជាមួយគ្នានោះដែរ កម្លាំង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ សំដៅធ្វើយ៉ាងណាពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឲ្យបានគត់មត់ដើម្បី ពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តមកលើសមត្ថកិច្ច។ ព្រមជាមួយគ្នានោះ ក៏បានប្រើប្រាស់មធ្យោបាយសម្ភារៈជាច្រើនទៀត ដើម្បីធានាដល់កិច្ចការងារប្រតិបត្តិការពារសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាព។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំស្នងការរងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ចំពោះភារកិច្ចដែលបានប្រគល់ជូនឲ្យមានការទទួលខុសត្រូវខ្ពស់ លើការងារដឹកនាំបញ្ជាកម្លាំងសំដៅធ្វើយ៉ាងណាការពារសន្តិសុខ រក្សាសណ្តាប់ ធ្នាប់សាធារណៈក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរមិនឲ្យកើតមានបទល្មើសអ្វីកើតឡើង ជាពិសេសធានាឲ្យបានការការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕