ព័ត៌មានជាតិ

មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវីតាល់ រៀបចំកម្មវិធីបរិច្ចាគឈាម លើកទី៨

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមថ្ងៃនេះ ដើម្បីសង្គ្រោះជីវិតមាតា» នៅក្នុងសាលសន្និសីទ អគារតេជោសន្តិភាព នៃមន្ទីរពេទ្យកាល់ម៉ែត ។ កម្មវិធីនេះជាកម្មវិធីប្រចាំឆ្នាំ របស់មន្ទីរពេទ្យកាលម៉ែត ដែលរៀបចំឡើង ក្នុងគោលបំណងបំផុស ចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជម្ងឺដែលកំពុងត្រូវការឈាម ជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។

កម្មវិធីប្រព្រឹត្តទៅក្រោមវត្តមាន លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៃស្ថាប័នទាំង៣ ដោយទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង២៥០នាក់ ។

លោក សុខ ប៉ូ បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ យើងពិតជាមានកិត្តិយស ក្រៃលែងដោយបានរួមសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកំពស់ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម មានសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត ។

លោកបន្ដថា យុទ្ធនាការ «រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមាតា» ថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖

ទី១-បង្កើត ទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជំរុញលើក កម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាម គ្រប់គ្រាន់សម្រាប់អ្នកជំងឺ ជាមាតាដែលកំពុង ត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬ សាសនា។

និងទី២-ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្ស ធម៌ដ៏ល្អប្រពៃក្នុងសង្គម។

លោកបានបន្ថែមថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានកក់ត្រាទុកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ និងសូមសំដែងអំណរ គុណ ជាអនេកប្បការចំពោះការគាំទ្រ ទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវឲ្យមានការ គាំទ្របន្តទៀតតាមគ្រប់រូបភាព ក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា ៖ លើកនេះជាលើកទី៨ ដែលមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន ដោយសារវិបត្តិកូវីដ១៩ មន្ទីរពេទ្យបានអាក់ខានរៀបចំចំនួន០២ ឆ្នាំចុងក្រោយ ។ ដោយស្ថានភាព នៃសង្គមមានសភាពវិលត្រលប់មកកាន់ប្រក្រតីភាពថ្មីវិញ គួបផ្សំជាមួយយុទ្ធសាស្រ្តចាក់វ៉ាក់សាំង របស់ប្រមុខរាជរដ្ឋាភិបាល មន្ទីរពេទ្យ បានធ្វើការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត តាមគន្លងប្រក្រតីភាពថ្មី ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ក្នុងក្របខណ្ឌទូទាំងប្រទេស ។

លោកជំទាវ ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានបន្តផ្តល់ការគាំទ្រ និងកិច្ចសហការប្រតិបត្តិការយ៉ាងពេញទំហឹង ជាមួយវីតាល់ តាំងពីដើមរហូតមក។ លោកជំទាវ បានបន្ថែមថា កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលពិភពលោកមិនទាន់ចាកចេញផុតទាំងស្រុងនៅឡើយ ពីវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ, កម្ពុជា ក៏ដូចពិភពលោកកំពុងតែបន្តឆ្លងកាត់នូវការវិវត្តប្រែប្រួលយ៉ាងលឿន នៃនិន្នាការជាច្រើន ដែលបង្កើតឲ្យមាននូវបញ្ហាប្រឈម និងហានិភ័យឥតស្រាកស្រាន្ត ហើយអ្វីដែលគួរអោយកត់សម្គាល់នោះ គឺតម្រូវការឈាម នៅកម្ពុជាមានការកើនឡើង ។

គួរបញ្ចាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាន នៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ៕

To Top