ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល វិស័យធនាគារបានបោះទុន របស់ខ្លួនបន្ថែមចូលរួមអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្ពុជាកាន់តែច្រើនឡើង ។
ក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី៧មេសា តំណាងធនាគារព្រីនស៍ បានលើកឡើងថា ខ្លួនបានបណ្តាក់ទុន វិនិយោគបន្ថែម៣៥លានដុល្លារ ដែលទុនវិនិយោគ សរុបស្មើនឹង៥០លានដុល្លារ ទៅលើសញ្ញាបណ្ណ មានបុគ្គល ធានារបស់គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ តាមរយៈការវិនិយោគជាលក្ខណៈឯកជន ដែលនាំឲ្យធនាគារព្រីនស៍ ក្លាយជាអ្នកវិនិយោគធំជាងគេ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC នាពេលបច្ចុប្បន្ន ។
ប្រភពថា ទឹកប្រាក់វិនិយោគ ទទួលបានពីសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ នឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោង អាកាសយានដ្ឋានអន្តរជាតិ តេជោនៅខេត្តកណ្តាល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ បច្ចុប្បន្នសម្រេចបាន៣១,១% ត្រូវនឹងទឹកប្រាក់សរុប៤៣៤ លានដុល្លារ (មិនរាប់បញ្ចូលថ្លៃដី) ដែលវិនិយោគរួចដោយ CAIC ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥,៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
សូមជម្រាបថា OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំ ជាងគេនៅកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជា ដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។
ការបណ្តាក់ទុនលើគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ បណ្តាក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅប្រទេស នាំគ្នាជួយទិញគម្រោងព្រលានយន្តហោះនេះផងដែរ ៕