ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យមន្ដ្រីក្រោមឱវាទបំផុសចលនាពលរដ្ឋ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សាបរិយាកាសសន្ដិសុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់មន្ដ្រី ក្រោមឱវាទ បន្ដយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា ជាពិសេសចលនាប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងគោលដៅថែរក្សាបរិយាកាសសន្ដិសុខ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

តាមរយៈសារជូនពររបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៨ មេសា សម្ដេច ស ខេង បានកោតសរសើរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេសបានខិតខំប្រឹងប្រែង និងលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រ ប្រកបដោយឆន្ទៈដ៏មោះមុត និងការទទួលខុសត្រូវខ្ពស់ ក្នុងវិជ្ជាជីវៈ ព្រមទាំងបាននាំមកនូវជោគជ័យ និងសមិទ្ធផលផ្លែផ្កាជាច្រើន ក្នុងបុព្វហេតុ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេចបញ្ជាក់ថា «ខ្ញុំ ក៏សូមយកឱកាសនេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងវិធានការ នានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ជាពិ សេសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តបានផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងគោលដៅថែរក្សាបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ដើម្បីបង្កលក្ខខណ្ឌអំណោយផលដល់ដំណើរការ នៃព្រឹត្តការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឲ្យប្រព្រឹត្តទៅក្នុងបរិយាកាស សប្បាយរីករាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

សម្ដេច ស ខេង បន្ដថា ទោះបីការគ្រប់គ្រង និងស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពប្រសើរឡើង អាស្រ័យដោយការដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏សម្ដេចក៏ស្នើដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ បន្ដផ្សព្វផ្សាយបំផុសស្មារតី ម្ចាស់ការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីចូល រួមបង្ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

To Top