ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា តំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស របស់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែនកន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២២។

កញ្ញាវេជ្ជបណ្ឌិត សោ ស្រីពេជ្រ សមាជិកលេខាដ្ឋាន តំណាងឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានប្តេជ្ញាចិត្ត ថានឹងខិតខំប្រឹងប្រែង ចុះអប់រំផ្សព្វផ្សាយវិធានការការពារ ជំងឺកូវីដ១៩ អប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងបន្តផ្ដល់សេវាសុខភាព ជូនប្រជាជន ឲ្យបានច្រើនបំផុត តាមលទ្ធភាព ដែលអាចធ្វើទៅបានដោយឥតគិតថ្លៃ ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងស្ដីពីការអភិវឌ្ឍ និងការអនុវត្តកន្លងមក ស្របតាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី៤ និងការអនុវត្តក្នុងកំណែទម្រង់នានា មិនត្រឹមតេប៉ុណ្ណោះរដ្ឋបាលខេត្តក្រចេះបានខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយស្មារតីសាមគ្គី សហការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់មានគ្រប់វិស័យ ។

លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ និងចុះជួយពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជាពិសេសលោក ហ៊ុន ម៉ានីដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញ ចុះបេសកកម្មនៅថ្ងៃនេះ។

ឆ្លៀតឱកាស នេះ លោក ហ៊ុន ម៉ានី បានថ្លែងថា “ពួកយើងទាំងអស់គ្នា មិនដែលទៅណាចោលប្រជាជន ទេ។ កាលៈទេសៈកាន់តែលំបាក ពួកយើងកាន់តែនៅក្បែរ ជាមួយពុក ម៉ែ មា មីង បងប្អូនជាពិសេសក្នុងកាលៈទេសៈរីករាលដាល នៃជំងឺកូវីដ១៩ អាជ្ញាធរ និងក្រុមគ្រូពេទ្យទាំងអស់ បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីចាំបាច់បម្រើប្រជាពលរដ្ឋ និងផ្ដល់សេវាសុខភាពជូនប្រជាជន ទាំងអស់នេះគឺជាការលះបង់ដ៏ធំធេងរបស់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់យើង” ។

គួររំលឹកដែរថា កន្លងមកក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានអនុវត្តការងារ របស់ខ្លួន ស្របតាមការឧទ្ទេសនាម របស់ក្រសួង សុខាភិបាលសរុបរួម១៥ ខេត្ត រួមមាន ៖ ខេត្តព្រះសីហនុ ពោធតិ៍សាត់ កោះកុង ភ្នំពេញ កណ្ដាល ឧត្តរមានជ័យ ស្វាយរៀង សៀមរាប មណ្ឌលគិរី ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង រតនៈគិរី តាកែវ កំពង់ធំ ក្នុងនោះរួមមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១២០៨ រូប។

គិតមកទល់បច្ចុប្បន្នក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបង្កើតឡើងក្នុងរយៈពេល១០ ឆ្នាំហើយមានក្រុមគ្រូពេទ្យចំនួន៥៦៧៩នាក់ និងចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុង២៥ រាជធានី ខេត្តចំនួន ៥៥២ លើក៕


