ភ្នំពេញ៖ ក្នុងរយៈពេល៤៣ឆ្នាំ កន្លងមកនេះ មនុស្សចាស់ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដែលនេះជាគុណសម្បត្តិមួយ ដែលមិនអាចកាត់ថ្លៃបាន។
នេះជាលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់រាជធានីភ្នំពេញក្នុងពេកអញ្ជើញសំណេះសំណាល និងផ្តល់អំណោយ ជូនមនុស្សចាស់ជាង៥០០នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានលើកឡើងថា ការស្រឡាញ់មនុស្សចាស់ជរាគឺជាប្រពៃណី របស់ប្រជាពលរដ្ឋកម្ពុជាយើង តាំងពីយូរលង់ណាស់មកហើយ ។ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តែងតែយកចិត្តទុកដាក់ ជានិច្ចចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេរ តែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ ជាដរាបរៀងមក ។
ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេ នូវបានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួន ដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញចំនួន៥២៥នាក់ ដោយក្នុងម្នាក់ៗ ទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកា ចំនួន៥ម៉ឺនរៀល។
លោកបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឲ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នា រក្សាសន្តិភាពដែលបានមកដោយកម្រនេះ ឲ្យបានគង់វង្សរហូតតទៅ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចូលរួម ២១,២១៣នាក់ (ស្រី ១៣,១៧១ នាក់)៕









