ភ្នំពេញៈ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA ចុះព្យាបាលប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួម ជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកធាយ យុវជន ស ស យ ក និស្សិត សមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ដោយសេចក្តីគោរពស្រលាញ់ប្រជាពលរដ្ឋ នេះគឺជាលើកទី៥ សម្រាប់ស្រុកបាធាយ និងលើកទី១៥ សម្រាប់ខេត្តកំពង់ចាម ដែលសមាគមTYDA បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោកស្រី បានផ្តាំការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងឯកឧត្តមហ៊ុនម៉ាណែត ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា បើគ្មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ កម្ពុជានឹងមានលក្ខណៈធ្ងន់ធ្ងរដូចប្រទេសមួយចំនួន។ ប៉ុន្តែយើងពិតជាមានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។
លោកស្រី ពេជ ចន្ទមុន្នី បានសំណូមពរឲ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកបាធាយ ខេត្តកំពង់ចាម បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន៩៩១ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៣ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕