ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ផ្ដើមចេញពីការ រួមសាមគ្គីគ្នា បម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ បានធ្វើឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្ត លើថ្នាក់ដឹកនាំរបស់ខ្លួន

កំពង់ចាម ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ដើម្បីរៀបចំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ផ្ដើមចេញពីការរួមសាមគ្គីគ្នា ពីសំណាក់ថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ចាម បម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត លើថ្នាក់ដឹកនាំរបស់ខ្លួន ។

លោក អ៊ុន ចាន់ដា ក៏បានយកឱកាសនោះថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលសម្រេចបាន នូវការងារជាច្រើន ដូចជាការអនុវត្តមុខងារផ្សេងៗ ដូចជាផ្នែកផ្ដល់សេវា ជូនប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាប្រឈមនានា បូករួមទាំងការដោះស្រាយ បញ្ហាគ្រោះធម្មជាតិ ជូនប្រជាពលរដ្ឋ ពិសេសគឺយុទ្ធនាការទប់ស្កាត់នៃជំងឺរាតត្បាតកូវីដ១៩ នាឆ្នាំចាស់កន្លងទៅ ដែលលទ្ធផលទាំងនោះ ផ្ដើមចេញពីការរួមសាមគ្គីគ្នា ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានផងដែរ ដែលកត្តាទាំងនោះ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើថ្នាក់ដឹកនាំរបស់ខ្លួន និងមានទំនាក់ទំនងប្រកប ដោយមនោសញ្ចេតនា មកលើអាជ្ញាធរមានសមត្ថកិច្ចរបស់យើង ។

លោកអភិបាលខេត្ត បានមាន ប្រសាសន៍បន្តថា ដើម្បីរក្សា លទ្ធផលដែលយើង ទទួលបានកន្លងទៅនេះ សូមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តទាំងអស់បន្ត ធ្វើការងារដោយភាពមោះមុត និង ដោយភាពស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្តៅ ដល់ពួកគាត់ឲ្យកាន់តែប្រសើរថែមទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងឆ្នាំថ្មីដែលនឹងមកដល់ឆាប់ៗនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវរៀបចំដាក់ផែនការអនុវត្ត ក៏ដូចជាការដាក់ផែនការអន្តរាគមន៍នានា ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ឱ្យបានល្អជូនប្រជាពលរដ្ឋ បានជួបជុំសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះផងដែរ ។ ពីព្រោះរយៈពេល ២ ឆ្នាំកន្លងមកហើយ ដែលប្រជាពលរដ្ឋយើង មិនបានធ្វើពិធីជួបជុំ នៅទីសាធារណៈ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ៕

To Top