ព័ត៌មានជាតិ

កម្ពុជា នឹងពង្រឹងកិច្ចសហការ រវាងសមាជិកអាស៊ាន ឲ្យកាន់តែស្អិតរមួត (Video)

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចសហការ រវាងសមាជិកអាស៊ាន ឲ្យកាន់តែស្អិតរមួត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងសកលលោក ដូចជា ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «កម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហការរវាងសមាជិកអាស៊ាន ឲ្យកាន់តែស្អិតរមួត ដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តសកម្មភាពពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងសកលលោក ដូចជា ៖ ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើឲ្យស៊ីជម្រៅនូវសមាហរណកម្មហិរញ្ញ វត្ថុអាស៊ាន និងជាមួយដៃគូ»។

ក្រសួង បន្ដថា ជាពិសេស ការពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់ ព្រមទាំងជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainabie Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែម សម្រាប់ការស្ដារសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព ហើយធានាឲ្យបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧-៨ មេសា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ានលើកទី២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានធ្វើជាសហប្រធាន៕

To Top