ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តឲ្យមានការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ ព្រមទាំងតភ្ជាប់ជើងហោះហើរត្រងរវាង កម្ពុជា-ឥណ្ឌា ក្រោយពីជំងឺកូវីដ-១៩ បានថមថយ។
ក្នុងពិធី ប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាបាលឥណ្ឌា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឥណ្ឌាដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។ សម្ដេចថា វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយ មនុស្សធម៌, ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្តល់កម្ចីហិរញ្ញប្បទាន ជាដើម ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី។
សម្ដេចតេជោបន្ដថា ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួចក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
សម្ដេចតេជោមានប្រសាសន៍ថា «ក្នុងបរិការណ៍ ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រង់ស្ថានការណ៍ នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ ខ្ញុំសូមលើកទឹកចិត្តឲ្យមានការពង្រឹងចំណងមិត្តភាព ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម, ការវិនិយោគ, បច្ចេកវិទ្យាព័ត៌មាន, ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍»៕