ភ្នំពេញ ៖ ជាទូទៅ រៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជា ដែលបំរើការងារ ឬ ប្រកបរបរនានា នៅរាជធានីភ្នំពេញ តែងតែទៅលេងស្រុកកំណើត ក្នុងឱកាសឈប់សម្រាកនេះ ។ ក្រោយខកខានរៀបចំក្នុងលក្ខណៈទ្រង់ទ្រាយធំពីរឆ្នាំ ជាប់ៗគ្នា ពោលគឺកាលពីឆ្នាំ២០២០ និង២០២១ ក្រោមហេតុផល ព្រួយបារម្ភ ពីការឆ្លងរាលដាលជំងឺកូវីដ-១៩នោះ នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឱ្យរៀបចំប្រារព្ធ ពិធីបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ ក្នុងលក្ខណៈទ្រង់ទ្រាយធំឡើងវិញ ខណៈមានធូរស្បើយច្រើន ពីបញ្ហាជំងឺកូវីដ១៩ ក្នុងនោះ វ៉ាក់សាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យកម្ពុជាមានភាពល្អប្រសើរឡើងវិញ ហើយវ៉ាក់សាំងចិន ត្រូវបានចាត់ទុកថាជា វ៉ាក់សាំងយុទ្ធសាស្ត្រ ជាបង្អែកវ៉ាក់សាំងដ៏រឹងមាំ សម្រាប់កម្ពុជា។

លោក សីហាក់ ដែលជាមន្ត្រីរាជការ ត្រៀមធ្វើដំណើរ តាមរថយន្តឈ្នួលពីភ្នំពេញ ទៅលេងស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុមិត្តភាព កម្ពុជា-ចិន នាថ្ងៃទី១២ មេសាថា លោកសប្បាយចិត្តណាស់ ដែលបានទៅជួបជុំក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយ នៅស្រុកកំណើត ដោយលោកគ្រោង នឹង ទៅលេង រយៈពេល៣ថ្ងៃ ។ លោកថា លោកពុំសូវមានការព្រួយបារម្ភខ្លាំង ពីកូវីដ១៩ទេ ដោយសារតែលោកបាន ទទួលការចាក់វ៉ាក់សាំង ៤ដូស រួចមកហើយ ។ លោកអរគុណដល់ប្រទេសចិន ដែលបានផ្តល់វ៉ាក់សាំង ចាក់ជូនប្រជាជនកម្ពុជា មានទំនុកចិត្តក្នុង ការដើរលេងកម្សាន្ត នាឱកាសបុណ្យ ចូលឆ្នាំថ្មីនេះ ហើយលោកក៏រីករាយណាស់ដែរ ដោយបានឃើញថា កម្ពុជាធូរស្បើយច្រើនពីការឆ្លងរាលដាលនៃជំងឺនេះ ជាពិសេស បានដឹងថា មានខេត្តចំនួន៤ ដែលត្រូវបានដកចេញ នូវកាតព្វកិច្ចពាក់ម៉ាស់ រួចមកហើយដែរនោះ។

ជាមួយគ្នានេះដែរ កញ្ញា ស្រីពេជ្រ ជាអ្នកបម្រើការងារនៅរាជធានីភ្នំពេញ ដែលអញ្ជើញ ជិះរថយន្តឈ្នួលនៅបេនឡាន ផ្សារធំថ្មី ទៅលេងស្រុកកំណើត នៅខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ២០២២នេះដែរ បានបង្ហាញពីអារម្មណ៍សប្បាយចិត្តណាស់ ដែលបានទៅលេងស្រុកកំណើត នៅឆ្នាំនេះ ព្រោះថា កាលពីបុណ្យចូលឆ្នាំ ២០២១ កញ្ញាមិនបានទៅលេងទេ ព្រោះមានការរិតត្បិតការធ្វើដំណើរ ព្រោះបញ្ហាកូវីដ១៩។ មិនខុសពីប្រជាពលរដ្ឋផ្សេងៗ កញ្ញា ក៏ទទួល បានការចាក់វ៉ាក់សាំង ៤ដូសរួចហើយ ដូច្នេះ កញ្ញាមានទំនុកចិត្តច្រើន ក្នុងការធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងឆ្លៀតដើរ លេងកម្សាន្ត នៅតាមរមនីយដ្ឋាននានា ជាពិសេស ក៏ត្រៀមចំណី អាហារ សម្ភារ និងថវិកាជូនដល់អ្នកមានគុណទាំងទ្វេ។ កញ្ញា សូមអរគុណជាខ្លាំង ចំពោះប្រទេសចិនដែលបានផ្តល់វ៉ាក់សាំង ចាក់ជូនប្រជាជនកម្ពុជាបានច្រើន មានឱកាសដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

គួរបញ្ជាក់ថា ចិនគឺជាប្រទេស ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជាច្រើនជាងគេ។ ថ្មីៗនេះ ចិនបានសម្រេចផ្តល់ ជំនួយវ៉ាក់សាំង ២០លានដូសទៀត ជូនដល់កម្ពុជា ។ កាលពីចុងខែមីនា ២០២២ ក្នុងពេលជំនួយឥតសំណងជាវ៉ាក់សាំងកូវីដចំនួន៥លានដូស ដែលផ្តល់ដោយភាគីចិន ជូនចំពោះភាគីកម្ពុជា បានមកដល់រាជធានីភ្នំពេញ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា បានមានចំណាប់អារម្មណ៍ ជឿជាក់ថា វ៉ាក់សាំងដែលផ្តល់ជូន នាលើកនេះ អាចជួយកម្ពុជាក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការបានកាន់តែល្អប្រសើរ និងជួយឲ្យប្រជាជនកម្ពុជា អាចអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ៕ (អត្ថបទនិងរូបភាព ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)




