ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងសំណេះសំណាល កងកម្លាំងរុករក អដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករង ស្រុកព្រៃឈរ និង កងកម្លាំងរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម ។

លោកឧត្តមសេនីយ៍ទោ ហូ ពៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា កម្លាំងកងទ័ព នៃតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានសហប្រតិបត្តិការយ៉ាងល្អជាមួយ កងកម្លាំងរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម K70 ក្នុងសកម្មភាពរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម នៅលើទឹកដីភូមិសាស្ត្រ ខេត្តកំពង់ចាមកន្លងទៅ រហូតមកដល់ពេលនេះ គឺបានដំណើរការមានរយៈកាល ២១ឆ្នាំហើយ ។

ដោយឡែកកងកម្លាំងរុករកអដ្ឋិធាតុ K70 នេះ បានបោះទីតាំងនៅក្នុងបរិវេណទីបញ្ជាការសឹករងស្រុកព្រៃឈរ ចាប់តាំងពី ឆ្នាំ២០១៨ រហូតមក ដោយសារការស្រាវជ្រាវមានផ្នូរច្រើន ត្រូវរុករកនៅតំបន់នេះ ។ ប៉ុន្តែសម្រាប់ក្នុងឆ្នាំ២០២០-២០២១ កងកម្លាំងរុករកអដ្ឋិធាតុ K70 មិនបានធ្វើសកម្មភាពទេ ដោយសារបញ្ហាការរាលដាល ​​នៃជំងឺកូវីដ១៩ ។ ហើយការចាប់ផ្ដើមសកម្មភាព រុករកអដ្ឋិធាតុជាថ្មីនៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន គឺក្រុមការងារបានរកឃើញចំនួន ៦ អដ្ឋិធាតុ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រតិបត្តិការសឹករងស្រុកព្រៃឈរ ដែលបានចូលរួមសហការ ជាមួយកងកម្លាំង K70 បំពេញបេសកកម្មបានជោគជ័យ និងសូមជួយគាំទ្របន្តទៅមុខទៀត ធ្វើយ៉ាងណា ឱ្យការបំពេញការងាររបស់ក្រុមការងារ K70 ឲ្យទទួលបានលទ្ធផលល្អ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ចាម ដែលជាខេត្តសម្ព័ន្ធភាព ជាមួយខេត្តតៃនិញប្រទេសវៀតណាម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងជូនពរ ដល់ក្រុមការងាររួមគ្នា ទាំងកម្ពុជា និងវៀតណាម នៃកងកម្លាំង K70 គឺសូមឱ្យទេវតាឆ្នាំថ្មីជួយតាមថែរក្សា ឲ្យបានសេចក្តីសុខចម្រើន បំពេញការងារ ផឹកបានជោគជ័យ និងមានសុខភាពល្អ ៕

To Top