ព័ត៌មានជាតិ

សម្ដេចតេជោ​ អំពាវនាវពលរដ្ឋ គោរពច្បាប់ចរាចរណ៍​ និងអនុវត្តវិធានការ សុខាភិបាល​ខ្ជាប់ខ្ជួន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី​ នៃកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ត្រូវគោរពច្បាប់​ចរាចរណ៍​ និងអនុវត្តនូវវិធានការសុខាឲ្យបានខ្ជាប់ខ្ជួន​ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ នាពេលនេះ។ 

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាថ្ងៃទី១៣​ មេសា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។ 

សម្ដេចតេជោ​ បន្ដថា​ សូមបងប្អូនរីករាយ ក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលប្រារព្ធចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ។ សម្ដេច​ ថា​ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា អាចសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំង ជាមួយនឹងជំងឺកូវីដ១៩។

សម្ដេចតេជោ​ បញ្ជាក់​ថា​ “សូមថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួនដែលបានរៀបចំសង្រ្កាន្ត តាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩”

សម្ដេចតេជោ​ ក៏បានណែនាំអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។ 

លេីសពីនេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យ ដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕

To Top