កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ នេះ បានដឹកនាំមន្ត្រីរាជការ អង្គភាពជុំវិញខេត្ត ប្រារព្ធធ្វើពិធីសូត្រមន្ត ប្រស់ព្រំសុំសេរីសួរស្ដី និងសំណេះសំណាល ជាមួយមន្ត្រីរាជការ មុនពេលឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ។
បន្ទាប់ពីពិធីសាសនាបានចប់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសទាំងការចូលរួម របស់ប្រជាពលរដ្ឋ ធ្វើឲ្យអាជ្ញាធរខេត្ត បានសម្រេចបានលទ្ធផលការងារជាច្រើនក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
លោកអភិបាលខេត្តបានបន្តថា ផ្ដើមចេញពីការសាមគ្គីសហការគ្នាបានល្អ ក្នុងឆ្នាំចាស់កន្លងផុតទៅ ដែលយើង បានដោះស្រាយបញ្ហាជាច្រើន ជូនប្រជាពលរដ្ឋ នឹងនាំមកនូវការរីកចម្រើន ដល់ខេត្តកំពង់ចាមរបស់យើងផងដែរ បើទោះបីជាមានការជួបប្រទះ នៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ ។
បើតាមលោកអភិបាលខេត្ត សម្រាប់ឆ្នាំថ្មី ២០២២-២០២៣ មន្ត្រីយើងមានការងារជាច្រើនត្រូវរួមសាមគ្គីគ្នាធ្វើការងារតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ដូច្នេះសូមឲ្យមន្ត្រីរាជការទាំងអស់ អនុវត្តបន្តដូចខាងក្រោម៖
ទី១ ត្រូវបង្កើននូវស្មារតីសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ ។
ទី២ ជំរុញដល់ការបំរើសេវា ទាំងសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ទី៣ សុំខិតខំរួមជាមួយនឹងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋរបស់យើង ៕