ព័ត៌មានជាតិ

ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាង ៨៦ម៉ឺននាក់ ចេញដើរលេងកម្សាន្ត ទូទាំងប្រទេស

ភ្នំពេញ៖ ថ្ងៃទីមួយនៃឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាង៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស។

បេីតាមហ្វេសប៊កក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវសរុបមានចំនួន៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៨,២៤៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង ១៦០’៧៤០ នាក់, ខេត្តបាត់ដំបង ១០៧,២៥៤ នាក់, ខេត្តសៀមរាប ១០៧,០១៤ នាក់, ខេត្តពោធិ៍សាត់ ៨៣,៨៩៦ នាក់, ខេត្តកំពង់ចាម ៥៧,៤៣០ នាក់, ខេត្តព្រៃវែង ៥៦,០០២ នាក់, ខេត្តកំពង់ស្ពឺ ៤៩,២៨៨ នាក់, រាជធានីភ្នំពេញ ៣៨,៩៧២ នាក់, ខេត្តបន្ទាយមានជ័យ ៣៧,៣១៦ នាក់។

ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១នេះ មានសភាពផុសផុលខ្លាំង និងមានចំនួនច្រើនជាងពេលមិនទាន់មានការកើតឡើងនូវជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទៅទៀត។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ៥.៦៨% ធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ កាលពីឆ្នាំ២០១៩ ដែលមានចំនួន៨១៦.៤៦៩នាក់។

ចរាចរក្នុងរាជធានីភ្នំពេញចាប់ផ្តើមសភាពស្ងប់ស្ងាត់ខ្លាំងនាថ្ងៃចូលឆ្នាំទី១នេះ ប៉ុន្តែប្រជាពលរដ្ឋភ្នំពេញមួយចំនួនបានរៀបចំគ្រឿងរណ្តាប់ទទួលទេព្តាឆ្នាំថ្មីនាពេលព្រឹក និងដើរកម្សាន្តនៅតាមគោលដៅក្នុងរាជធានីផ្ទាល់ ដូចជានៅសង្រ្កាន្តវត្តភ្នំ តាមផ្សារទំនើប រួមជាមួយគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្តនៅជុំវិញភ្នំពេញ ពិសេសនៅខេត្តកណ្តាល។ ពួកគាត់ភាគច្រើន នឹងចាប់ផ្តើមចេញដំណើរកម្សាន្តទៅតាមគោលដៅនានានៅតាមខេត្តចាប់ពីថ្ងៃស្អែក និងអាចបន្តរហូតដល់ចុងសប្តាហ៍។

ការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមគោលដៅសំខាន់ៗ ដូចជានៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ កណ្តាល រតនគិរី និងគោលដៅផ្សេងៗទៀតបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងមកពីតំបន់ជុំវិញឲ្យមកកម្សាន្តយ៉ាងច្រើនកុះករ។

ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត លោកក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែមាមីង បាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានា។

កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត បានចាត់តាំងកកម្លាំងប្រចាំការ និងសម្រួលចរាចរទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្វកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ ចាប់ពីដើមសប្តាហ៍រហូតដល់ចុងសប្តាហ៍នេះផងដែរ។

ចំពោះខេត្តដែលបានដកចេញកាតព្វកិច្ចនៃការពាក់ម៉ាស់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើនបានជ្រើសយកជម្រើសមិនពាក់ម៉ាស ប៉ុន្តែខេត្តដែលមិនទាន់ដកចេញកតព្វកិច្ចពាក់ម៉ាស់ ហើយមានរៀបចំកម្មវិធីសង្រ្កាន្ត ការជួបជុំបាញ់ទឹក ប៉ាតម្សៅ និងការប្រគុំតន្រី លោកសង្កេតឃើញថា មានបងប្អូនតិចតួចណាស់ដែលបានពាក់ម៉ាស់។ ដោយឡែក ចំពោះភ្ញៀវដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ លោកសង្កេតឃើញថា ការគ្រប់គ្រងចរន្តភ្ញៀវមានភាពល្អប្រសើរច្រើន ពិសេសលើការអនុវត្ត SOP ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕

To Top