ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ។
រូបសំណាក “ព្រះថោងនាងនាគ” ត្រូវបានរៀបចំនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ ដ៏ធំសម្បើមនេះ មានកម្ពស់ជាង ២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។
រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។
រូបសំណាកដ៏ធំស្កឹមស្កៃនេះ ជារូបសំណាកមួយ ក្នុងចំណោមរូបសំណាក់និមិត្តរូប នៃខេត្តព្រះសីហនុចំនួន៤ ដែលរូបសំណាក់៣ផ្សេងទៀតមានដូចជា ៖ រូបសំណាកតោមាស រូបសំណាកព្រះសិវៈ និងព្រះនាងឧមា (សាងសង់ថ្មី) និងរូបសំណាកសីហក្បាលរាជសីជាដើម៕