ភ្នំពេញ៖ ថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅតែរក្សាបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកលេងសប្បាយ ដោយមានលេងល្បែង ប្រជាប្រិយ រាំកំសាន្តសប្បាយរីករាយក្រៃលែង ។
ប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម បានចូលរួមលេង ល្បែងប្រជាប្រិយ ជួបជុំនិងរាំលេងសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹក រហូតដល់ល្ងាច លេងកម្សាន្ដដោយក្ដីរីករាយផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំនួន៦៥០០០ លេីសថ្ងៃទី១ជាង២ម៉ឺននាក់ ដែលបានធ្វើដំណើរកំសាន្តនៅរាជធានីភ្នំពេញ នាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
នៅរមណីយដ្ឋានវត្តភ្នំ ដែលមានដើមឈើ ម្លប់ត្រឈឹងត្រឈៃ ទឹកមុខរបស់ពួកគាត់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយខកខានប្រមាណ២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩៕