ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យចែកម៉ាស ជូនពលរដ្ឋ និងភ្ញៀវទេសចរ មកកម្សាន្តនៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងប្រជាការពារបន្តចែកម៉ាស ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្តរមណីយដ្ឋាននៅវត្តភ្នំ ។ 

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹង នាថ្ងៃទី១៥ ខែមេសាថា ការចែកម៉ាសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនេះ គឺបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១៤) ដោយបានចែកនៅរមណីយដ្ឋានវត្តភ្នំប្រមាណ២ម៉ឺនម៉ាស់។  នៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះដែរ គឺមានមនុស្សម្នា មកលេងកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំ ក៏ដូចជារាជធានីភ្នំពេញ យ៉ាងច្រើនកុះករ។

លោកបានបន្តទៀតថា ដោយសារមើលឃើញភាពកុះករកើនឡើង ខណៈអ្នកខ្លះក៏អត់បានពាក់ម៉ាសផង ទើបបានជាលោកអភិបាល ឃួង ស្រេង បានបញ្ជូនម៉ាស ឲ្យអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលរួមកម្សាន្ត នៅរមណីយដ្ឋាននេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩៕

To Top