នយោបាយ

សម្ដេចតេជោ ប្រកាសប្ដូរផ្ដាច់ ដឹកនាំប្រទេសកម្ពុជា តាមផ្លូវសន្តិភាព

ភ្នំពេញ៖ ក្នុងពិធីអភិសេករូបសំណាក ព្រះថោង នាងនាគ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស ប្ដូរផ្ដាច់ ដឹកនាំប្រទេសកម្ពុជាតាមផ្លូវសន្តិភាព និងស្វែងរកសន្តិភាពឱ្យប្រជាជន។

ថ្លែងចេញពីទឹកដីនៃខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំ មានលទ្ធភាព ដើម្បីនឹងដឹកនាំប្រទេស ព្រះករុណាខ្ញុំ ប្ដូរផ្ដាច់ ដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព ស្វែងរកសន្តិភាពឱ្យប្រជាជនឱ្យខានតែបាន»។

ការថ្លែងបែបនេះត្រូវបានសម្ដេចតេជោ អះអាងថា សម្ដេចមិនចង់ឱ្យយុវជន និងកុមារមានវាសនា អភព្វ ដូចសម្ដេចដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម។

សម្ដេចថា យើងមិនចង់ឱ្យអ្នកណាមួយបំផ្លាញនូវសន្តិភាព សម្រាប់ប្រទេសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ដោយសារសន្តិភាពបានជាយើងអាចមានឱកាសធ្វើពិធីចូលឆ្នាំ ឬពិធីគ្រប់យ៉ាង ដែលជាតម្រូវការគ្រប់ជាតិសាសន៍ ដែលរស់នៅក្នុងប្រទេសកម្ពុជាយើង ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ពិតមែនហើយជាការសោកស្ដាយ ក៏ប៉ុន្តែនោះក៏បានចង្អុលបង្ហាញថា សន្តិភាពមានតម្លៃខ្លាំងណាស់ កុំរងចាំសង្គ្រាមកើតឡើង ទើបស្រែករកសន្តិភាព កុំចាំដល់មានសង្គ្រាមកើតឡើង ទើបគិតថា សន្តិភាពមានតម្លៃ យើងត្រូវមើលឱ្យឃើញថា សន្តិភាព មានតម្លៃសម្រាប់យើងនៅពេលនេះ ពេលកន្លងទៅ និងទៅថ្ងៃមុខ»។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាការពារ «សន្តិភាព» បើទោះបីនៅក្នុងគណបក្សណាក៏ដោយ គឺសុទ្ធតែមានតម្រូវការ នៃការរក្សាសន្តិភាពទាំងអស់គ្នា៕

To Top